ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនរឹទ្ធ មុន្នីបុកក្បាលនាគពុះចែកទ្រូងផ្លូវ មុខបុរីវិមានភ្នំពេញខ្ទាតជាង១០ម៉ែត្រ រងការខូចខាត

ភ្នំពេញៈ រថយន្តក្រុមហ៊ុនរឹទ្ធមុន្នី ដឹកអ្នកដំណើរ បុកក្បាលនាគពុះចែកទ្រូងផ្លូវ ទល់មុខបុរីវិមានភ្នំពេញ ខ្ទាតប្រមាណជាង១០ម៉ែត្រ បណ្តាលឲ្យខូចខាត តៃកុងបើកបានប្រមាណ២០០ម៉ែត្រ ឈប់រថយន្តចុះគេចខ្លួនបាត់ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៥៩៨ ត្រង់ចំណុចមុខបុរីវិមានភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តក្រុងខាងលើ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-1160 បើកដោយបុរសម្នាក់ រួមដំណើរដោយភ្ញៀវជិះជាច្រើននាក់។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកតាមបណ្តោយផ្លូវ៥៩៨ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូចមកឆ្វេងដៃ បុកក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទាតប្រមាណជាង១០ម៉ែត្រ បណ្តាលឲ្យខូចខាតទាំងក្បាលនាគ និងរថយន្ត ហើយរថយន្តបន្តដំណើរបានប្រមាណ២០០ម៉ែត្រ ទើបឈប់អែបខាងរួច តៃកុងចុះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងសមត្ថកិច្ចជំនាញ មកវាស់វែងយករថយន្ត ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ៕

មតិយោបល់