ព័ត៌មានជាតិ

ចិត្តខ្លាំងម្លេះ! តាមសងសឹកមិនបានទៅលួចម៉ូតូគេចុងក្រោយខ្នោះ….

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកគ្នា២នាក់ ត្រូវបានប្រជាពលរដ្ឋដេញព័ន្ធចាប់បានប្រគល់ឲ្យប៉ូលិស បន្ទាប់ពីពួកគេ នាំគ្នាទៅតាមរកសងសឹកជាមួយគូរទំនាស់ តែមិនឃើញបែជាទៅធ្វើសកម្មភាពលួចម៉ូតូ អ្នកលក់ដូរ បានសម្រេចហើយ រត់មិនរួច ម្ចាស់ចេញមកទាន់ស្រែកចោរ ផ្អើលនាំគ្នាដេញព័ទ្ធចាប់បាន កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង កែងផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលចាប់ខ្លួនបាន ឈ្មោះ ពៅ សម្បត្តិ ហៅធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករឡនំបុ័ង ស្នាក់នៅ ផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សកែវ មានស្រុកកំណើតភូមិក្រោលគោ ឃុំទួលក្រសាំង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះ ឈ្មោះ ផូ គឹមហាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ លក់ទឹកកក ស្នាក់នៅ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។ រីឯម៉ូតូ ជនសង្ស័យលួចបានហើយ តែគេចមិនបានសម្រេច ម៉ាកហុងដា សេ១២៥ សេរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-0939 ។

តាមសម្តីជនសង្ស័យបានឲ្យដឹងថា កាលពីកន្លះខែកន្លងទៅ ពួកគេ២នាក់កើតរឿងទំនាស់សម្តី កន្លែងផឹកស៊ីក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ហើយត្រូវបានគូរបដិបក្ខ កាប់ឲ្យរងរបួស ខ្នងដេរជាច្រើនថ្នេរ លុះមកដល់ល្ងាចថ្ងៃទី២២ ខែធ្នូ នេះបែកគំនិតនូវគំនុំសងសឹក បបួលនាំគ្នា២នាក់ដៃគូរ ឈ្មោះ អាខ្មៅ នៅផ្សារតូចជាមួយគ្នា ជិះម៉ូតូ មកតាមស្វែងរក សងសឹកគូរទំនាស់ កាលពីគ្រាដែលកាប់ខ្លួនឲ្យរងរបួស តែដើររកមិនឃើញ ឃើញតែម៉ូតូអ្នកភូមិ ចតទុកចោល មិនដកសោ ទាញចេញ បញ្ឆេះជិះរត់ ត្រូវបានម្ចាស់ចេញមកស្រែកធាក់ផ្តួល ស្ទុះងើបរត់ចេញពីភូមិមួយឆ្លាយទៅភូមិមួយ រហូតពលរដ្ឋតាមរកឃើញចាប់ខ្លួនបាន ចំណែកបក្ខពួកមកម្នាក់ទៀតរត់គេចទៅបាត់ ។

តាមសម្តីជនរងគ្រោះវិញ បានឲ្យដឹងថា ម៉ូតូក្រោយពីដឹកទឹកកកដាក់ឲ្យម៉ូយវិញ ចតទុកមុខផ្ទះមិនបានដកសោ ហើយរវល់តែ ដេកចុចទូរស័ព្ទ ស្រាប់តែឮសម្លេងម៉ូតូជិះចេញ ងើបស្ទុះរត់ដេញធ្លាក់ផ្តួល ស្រែកឆោឡោ ជនសង្ស័យភ័យ រត់ផ្លោះរបង ចេញពីភូមិមួយឆ្លងទៅភូមិមួយ រហូតដល់ផ្លូវបេតុងភូមិក្រាំងដូនទៃ ជាប់នោះទើបរកឃើញជនសង្ស័យ ព័ន្ធចាប់បានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតបើកម៉ូតូគេចទៅបាត់ ។

ជនសង្ស័យម្នាក់ក្រោយចាប់ខ្លួនបាន ពលរដ្ឋស្វាគមន៍មួយដៃមួយជើងរួចប្រគល់ជូនសមត្ថកិច្ច នាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ៕

មតិយោបល់