ព័ត៌មានជាតិ

រន្ធត់ណាស់! ម្នាក់ឱបអង់តែនទូរទស្សន៍ ឯម្នាក់ទៀត ត្រូវព្រីងភ្លើងធ្លាក់លើ ឆក់ស្លាប់ទាំង ២នាក់តែម្ដង

បន្ទាយមានជ័យៈ ពិតជាគួរឲ្យសង្វេគណាស់ មនុស្ស២នាក់ ជួបគ្រោះអកុសល ត្រូវខ្សែភ្លើងឆក់ នៅស្រុកមង្គលបូរី ក្នុងថ្ងៃតែមួយ។

ករណីទី១៖ នៅវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានក្មេងប្រុសម្នាក់ឈ្មោះ ប្រិន ដារ៉ា អាយុ១០ឆ្នាំ នៅភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវខ្សែភ្លើងឆក់ស្លាប់។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានរត់លេង នៅផ្ទះអ្នកជិតខាងឈ្មោះ ឈឿន នឿក ភេទប្រុស អាយុ៥៨ឆ្នាំ ក្នុងភូមិបឹងសិលា ឃុំចង្ហា ហើយពេលនោះ ជនរងគ្រោះបានចាប់ឱបអង់តែនទូរទស្សន៍ដែកទីប ដោយមិនដឹងថាអង់តែននោះ ឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឲ្យឆក់ស្លាប់តែម្ដង។

ដោយឡែកករណីទី២៖ នៅថ្ងែទី២០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ នៅផ្ទះរបស់ឈ្មោះ ចាន់ តេងសាន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិបត់ត្រង់តូច ឃុំបត់ត្រង់ ស្រុកមង្គលបូរី មានរៀបចំកម្ម វិធីហូបស្រាជាមួយបងប្អូននៅមុខផ្ទះ រួចហើយក៏មានការាំរែក បាញ់ទឹកយ៉ាងសប្បាយ។

លុះដល់ម៉ោង ៦យប់ថ្ងៃដដែល ឈ្មោះ ចាន់ តេងសាន ដែលជាម្ចាស់ផ្ទះ បានយក ព្រីទៅដោតភ្លើងបំភ្លឺកន្លែងដើមឈើ នៅមុខផ្ទះ ដោយដើរអត់ទ្រនាប់ជើង និងអត់អាវ ពេលទៅដល់ក្រោមដើមឈើមានទឹកសើម ស្រាប់តែចរន្តភ្លើងឆ្លងឆក់ បណ្តាលឲ្យដួលផ្ងារ បោកក្បាលទៅនឹងសាបស៊ីម៉ងត៍ ដែលចាក់ទីនោះ រួចត្រូវព្រីភ្លើងធ្លាក់លើខ្លួន ឆក់ស្លាប់តែម្ដង៕

មតិយោបល់