សៀមរាប៖ នៅវេលាម៉ោង១៦ និង៣០នាទីនារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវវង់ធំ មិនឆ្ងាយពីស្ពានក្រាំងក្រូច នៅក្នុងតំបន់អង្គរ ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី នៅខាងជើងប្រាសាទមេបុណ្យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តកូរ៉ូឡា ផលិតនៅឆ្នាំ២០០២ បានទៅបុកស្លាកដាំកូន ឈើអនុស្សាវរីយ៍ ហើយបានក្រឡាប់ជាច្រើនជុំ ទៅប៉ះជៀបជាប់នឹងដើមចំបក់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់កៀបជាប់ នៅនឹងរថយន្តផ្នែកខាងមុខ និង របួសធ្ងន់៤នាក់ ត្រូវបានដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។
តាមសាកី្សដែលលោកជាកងកម្លាំងនគរបាលការពារបេតិកភណ្ឌ ប្រចាំការនៅទីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង១៦ និង ៣០នាទី លោកបានឃើញរថយន្តតូចទេសចរណ៍ បានបើកបរយ៉ាងលឿន មកពីទិសខាងជើង មកដល់កន្លែងផ្លូវកោង បានជាន់ប្រាំងយ៉ាងខ្លាំង ធ្វើឲ្យរថយន្តរេពេញផ្លូវ ហើយបានជ្រុលទៅបុកបង្គោលសញ្ញាចរាចរណ៍ រួចបន្តបុកស្លាកដាំកូនឈើអនុស្សាវរីយ៍មិត្តភាព បណ្ដាលឲ្យក្រឡាប់ជាច្រើនជុំ បោកកៀបជាប់នឹងដើមចំបក់ដែលនៅចិញ្ចើមផ្លូវ។ ចំណែករថយន្តមើលលែងយល់ បានបាក់បែកជាច្រើនចំណែក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់៤នាក់ ។
ប្រភពដដែលបានបញ្ជាក់ថា ភ្លាមៗនោះ លោកបានទំនាក់ទំនងទៅអង្គភាពខ្លួន ផ្នែកសមត្ថកិច្ច ដើមី្បមកជួយសង្រ្គោះអាយុជីវិតអ្នកដែលរងរបួស ទៅកាន់មន្ទីរពេទ្យខេត្តទៀតផង ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះ បានប្រាប់ថា រថយន្តគ្រោះថ្នាក់ចរាចរណ៍នេះ គឺជារបស់ឈ្មោះ សុខ រុំ ជាស្មៀនឃុំព្រះដាក់ ដែលជាអ្នកបើកបរ ហើយជនរងគ្រោះស្លាប់នៅនឹងកន្លែងឈ្មោះ ដោ ដុំ ជាប្រជា ពលរដ្ឋក្នុងភូមិព្រះដាក់ ដោយពួកគេទាំងប្រាំនាក់ បាននាំគ្នាទៅរកត្រី នៅពេលត្រឡប់មកវិញ ក៏ជួបគ្រោះថ្នាក់នេះតែម្តង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង ព្រមទាំងត្រួតពិនិត្យទីកន្លែងកើតហេតុ និង បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់