ភ្នំពេញៈ នគរបាលរដ្ឋបាលព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងករណីលួចម៉ូតូ ខណៈជនសង្ស័យទាំងពីរនាក់ ផ្សំគំនិតគ្នា ប្រើល្បិចម្នាក់ បានចុះចូលមកសួរនាំទិញអីវ៉ាន់ ចំណែកម្នាក់ទៀត ក៏បានធ្វើសកម្មភាពលួច ជិះម៉ូតូចេញទៅកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៩ ត្រង់ចំណុច លើចិញ្ចើមផ្លូវលេខ១៥១ ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ មីន អ៊ូម៉ឺត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិច្រាំងចំរេះ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី២ ឈ្មោះ ហេង ពិសិដ្ឋ ហៅសាល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ អ្នកទាំងពីរមានសារធាតុញៀន។
ជនរងគ្រោះឈ្មោះ កែវ វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខសាលាសង្កាត់ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្ភារៈដកហូត៖
១.ម៉ូតូម៉ាក ហុងដា ស៊ូមើអ៊ិច ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ ១HA-៨៣២៩ ចំនួន ០១គ្រឿង(ជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ)។
២.ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ(មិនប្រក្រតី) ពាក់ស្លាកលេខ ភ្នំពេញ ១L-៥៦៥១ ចំនួន ០១គ្រឿង(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។៣.កូនសោរម៉ាឡេតចំនួន ០១ដើម។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានបណ្តើរម៉ូតូ ចេញពីក្នុងផ្ទះយកមកទុក នៅខាងមុខផ្ទះ ដោយមិនបានដកសោចេញ ហើយជនរងគ្រោះ ក៏បានចូលទៅរៀបចំអីវ៉ាន់នៅក្នុងផ្ទះ ចំណែកប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះ យ៉ង ចាន់នួន បានរៀបចំដាំបបរលក់ នៅមុខផ្ទះដូចសព្វដង។
លុះដល់វេលាម៉ោង ០៧និង០០នាទី ព្រឹក ស្រាប់តែមានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ (មិនប្រក្រតី) ពាក់ស្លាកលេខ ភ្នំពេញ១L-៥៦៥១ បានមកឈប់នៅមុខផ្ទះ ដោយជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ បានចុះមកធ្វើជាសួរនាំទិញអីវ៉ាន់របស់ប្រពន្ធជនរងគ្រោះ ចំណែកម្នាក់ទៀត បានធ្វើសកម្មភាព លួចជិះម៉ូតូចេញ តែត្រូវបានប្រពន្ធជនរងគ្រោះឃើញទាន់ ហើយស្រែកថាចោរ ភ្លាមនោះ ជនសង្ស័យក៏បានរត់ចេញពីក្នុងផ្ទះ រួចជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ច នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច ក៏ចេញអន្តរាគមន៍ តាមជនសង្ស័យ រហូតដល់ចំណុចផ្លូវបេតុងបំបែក ចូលភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួចក៏នាំខ្លួនរួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កសារសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់