ព័ត៌មានជាតិ

គ្រឿងញៀនមួយចំនួនធំដែលអាចប្រល័យជីវិតមនុស្សត្រូវបានដុតបំផ្លាញចោល

បាត់ដំបងៈ គ្រឿងញៀនរាប់ពាន់គ្រាប់ ដែលក្នុងនោះមានប្រភេទយ៉ាម៉ា និងម៉ាទឹកកក ត្រូវបានដុតបំផ្លាញចោល កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ដែលពិធីនេះបានរៀបចំឡើងនៅក្នុងបរិវេណ សាលាវិទ្យាល័យនេតយ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបងក្រោមអធិបតីភាព លោក កែ គិមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ច័ន្ទ សុផល អភិបាល នៃគណអភិបាលខេត្តបាត់ដំបង លោកព្រះរាជអាជ្ញា ប្រតិភូអមដំណើរជាច្រើនរូប មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ លោកកែ គិមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរដល់បណ្តាកងកំលាំងប្រដាប់អាវុធទាំងអស់ ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងគ្មានគិតអំពីពេលវេលា ដើម្បីបំពេញនូវកាតព្វកិច្ច និងតួនាទីជាកងកំលាំង ក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋ ពិសេស គឺការតាមស្វែងរកប្រភពចែកចាយគ្រឿងញៀន ដែលអាចបំផ្លាញដល់ជីវិតមនុស្ស។

លោកក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្នជនដែលរងគ្រោះដោយសារគ្រឿងញៀននេះ ភាគច្រើន គឺកំពុងវាយលុកក្នុងស្រទាប់យុវវ័យ ដែលពួកគេ គឺជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ដូច្នេះយើងទាំងអស់គ្នាត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន និងត្រូវមានគំនិតអូសទាញ ឬក៏ទប់ស្កាត់ដល់មិត្តភ័ក្រ្ត ដែលកំពុងមានបំនងចង់សាកល្បងនូវសារធាតុញៀនទាំងនេះ។ បន្ទាប់មក លោកព្រះរាជអាជ្ញា បានឡើងអាននូវដិកាសម្រេចលេខ ៩៨៥ ដស/០១៦ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ដោយលោកព្រះរាៈអាជ្ញា នួន សាន ដែលបានបញ្ជាក់ថា គ្រឿងញៀនចំនួន២ប្រភេទ ដែលត្រូវដុតបំផ្លាញនាឱកាសនេះ គឺបានដកចេញពីសំណុំរឿងព្រហ្មទណ្ឌមួយចំនួនដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន គឺគ្រឿងញៀនប្រភេទយ៉ាម៉ាមានចំនួន ៥២៨៧ គ្រាប់ និងគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន១៥៣៩,១៧ ក្រាម បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅគឺកិច្ចប្រតិបត្តិការបង្ក្រាប របស់សមត្ថកិច្ចឆ្នាំនេះមានការថយចុះជាងឆ្នាំមុន។

លោកបានបន្តថា វត្ថុតាងទាំងនេះ គឺជាគ្រឿងញៀនដែលមានគ្រោះថ្នាក់ចំពោះមនុស្ស ហើយត្រូវបានកាន់កាប់ និងធ្វើចរាចរណ៍ដោយខុសច្បាប់ មិនអាចប្រគល់ឲ្យវិញបាន គប្បីដុតបំផ្លាញចោល តាមមាត្រា ១១៩ នៃក្រមនិតិវិធីព្រហ្មទណ្ឌ ដូច្នេះតុលាការសម្រេច ធ្វើការដុតបំផ្លាញចោលនូវសារធាតុញៀនទាំងអស់នេះ។

ជាចុងក្រោយ គណៈអធិបតីទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីដុតគ្រឿងញៀន ទាំងអស់នេះ ជានិម្មិតរូបប្រឆាំងដាច់ខាតនូវគ្រឿងញៀនដែលអាចបំផ្លាញជីវិតមនុស្សគ្រប់រូបបាន៕

មតិយោបល់