ស្ទឹងត្រែងៈ ស្ត្រីជាមេខ្យល់ម្នាក់ បាននាំប្រជាពលរដ្ឋប្រមាណជាងមួយរយ គ្រួសារមកបោះតង់ លើដីក្រុមហ៊ុន ជាច្រើនលើកមកហើយ បង្កភាពអនាធិបតេយ្យ ធ្វើឲ្យអាជ្ញាធរពិបាកក្នុងការដោះស្រាយ ត្រូវបានកម្លាំងនគរបាលខេត្តស្ទឹងត្រែង សហការជាមួយនគរបាលខេត្តមណ្ឌលគិរីធ្វើការឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៧៨A ព្រំប្រទល់ជ្រោយមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី។
ស្ត្រី រិត វណ្ណី អាយុ៤២ឆ្នាំ មានទីលំនៅមិនពិតប្រាកដនៅមុនសមត្ថកិច្ចឃាត់ខ្លួន បាននិយាយថា ពួកគាត់មិនដឹងថា ដីនេះជាទឹកដីខេត្តមណ្ឌលគិរីទេ ស្មានតែដីខេត្តស្ទឹងត្រែង ហើយពួកគាត់បានមករស់នៅតាំងពីឆ្នាំ២០០៩ ព្រមទាំងបានដាំដំណាំកសិកម្មទៀតផង។
ស្ត្រីរូបនោះ បន្តថា ក្រោយមកអាជ្ញាធរបានចុះមកស្រងស្ថិតិថា និងរកដីឲ្យពួកគាត់ សូមឲ្យបងប្អូនចាកចេញពីទីនេះ រហូតមកដល់ពេលនេះ នៅមិនទាន់បានក៏ពួកគាត់នាំគ្នាមកចាប់ដីនេះវិញ។
លោក លី ថាញ់សាង ដំណាងក្រុមហ៊ុនផេស៊ីហ្វិច(ភើល) បានលើកឡើងថា ដីសម្បទានសេដ្ឋកិច្ចរបស់ ក្រុមហ៊ុនមានជិត១ម៉ឺនហិចតា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានធ្វើការដាំដុះដំណាំកៅស៊ូបានជាង ៣ពាន់ហិចតា ហើយការដែលពួកគាត់មកចាប់ដីនេះ លោកយល់ថាគឺជារឿងខុសច្បាប់។ដីនេះ ជាដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ចឹងក្រុមហ៊ុនមានផែនការដាំដុះ ចាត់ចែងតាមម៉ែត្រការ៉េ ទៅតាមក្រសួងកសិកម្មត្រឹមត្រូវ ហើយពួកកាត់នាំគ្នាចាប់ដីក្រុមហ៊ុនអញ្ចឹង គោលបំណងក្រុមហ៊ុន ស្នើឲ្យអាជ្ញាធរចុះមកជួយដោះស្រាយតាមផ្លូវច្បាប់។
លោក នុត បឿន អភិបាលរងស្រុកកោះញែក បានឲ្យដឹងដែរថា ក្រោយពីមានតំណាងក្រុមហ៊ុនស្នើសុំ លោកបានដឹកនាំកម្លាំងចុះមកពិនិត្យមើលនិងបានធ្វើការពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋថា ដីនេះជាដីរបស់ក្រុមហ៊ុនមានច្បាប់ចេញ (ស ជ ណ)ដោយរាជរដ្ឋាភិបាលត្រឹមត្រូវ អញ្ចឹងបងប្អូនដែលមកចាប់ដីនេះ បើសិនជាគ្មានដីពិតប្រាកដ សូមបងប្អូនត្រឡប់ទៅកាន់ស្រុកវិញ ធ្វើលិខិតពីអាជ្ញាធរមូលដ្ឋានស្នើសុំមក អាជ្ញាធរខេត្តមណ្ឌលគិរី ដើម្បីសុំដីសង្គមកិច្ចសំរាប់ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ។
លោកអភិបាលរងបានបន្តទៀតថា នៅក្នុងពេលពន្យល់ណែនាំបងប្អូនដែលមិនដឹងចេះតែជឿតាមមេខ្យល់បានព្រមវិលត្រឡប់ទៅវិញ។ដោយឡែកមេខ្យល់រួម និងបក្ស ពួកមួយចំនួននៅតែតវ៉ាទាមទារ នៅទីនេះមិនព្រមចាកចេញ។ ទោះលោកសំណូមពរឲ្យចាកចេញ រកកន្លែង សុវត្ថិភាព ដើម្បីងាយស្រួលក្នុងការការពារ ជូនពួកគាត់ក៏ដោយ។ដោយសារតែការណែនាំមិនស្តាប់ លោកបានឱ្យកម្លាំងដកបង្គោលតង់ចេញ ប្រើវិធាការជំនាញ កំណត់នៅម៉ោង៣រសៀលថ្ងៃខាងលើត្រូវចាកចេញពីទីនេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ សន្តិសុខជូនប្រជាពលរដ្ឋដែលគាត់មិនដឹងអីជឿតាមមេខ្យល់។
លោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ស្ត្រីឈ្មោះ រិត វណ្ណី រូបនេះ តែងតែបំផុសប្រជាពលរដ្ឋមកទីនេះ បី បួនលើករួចមកហើយ ហើយក៏ធ្លាប់តុលាការខេត្តមណ្ឌលគិរី កោះហៅឱ្យចូលបំភ្លឺលើករណីនេះដែរ។តែរហូតមកពេនេះ មេខ្យល់បាននាំប្រជាពលរដ្ឋកាន់តែច្រើនឡើង បង្កភាពអសន្តិសុខដល់សង្គមទៀតផង។
លោកស្នងការរងបន្តថា ក្រោយពីប្រជាពលរដ្ឋដឹងថា ស្ត្រីរូបនោះជាមេខ្យល់ពួកគេបាននាំវិលត្រឡប់ទៅវិញអស់សល់តែបក្ស ពួកគេប៉ុណ្ណោះ។ក្រោយដឹងខ្លួនថា សមត្ថកិច្ចឃាត់ខ្លួន គេក៏បានប្តូរខោអាវ ដើម្បីគេចខ្លួនពីសមត្ថកិច្ច ខណៈស្ត្រីរូបនោះកំពុងជិះគោយន្តបន្លំខ្លួនជាមួយប្រជាពលរដ្ឋ ក៏ត្រូវបានសមត្ថកិច្ចទាំង២ខេត្ត សហការគ្នា ចាប់ឃាត់ខ្លួននិងបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់