ព័ត៌មានជាតិ

បុគ្គលិកលក់ថ្នាំពេទ្យម្នាក់ បើករថយន្ត ស្លាកលេខ ភ្នំពេញ 2Q-0077 បុកតាអាចារ្យស្លាប់ ២នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដមួយគ្រឿង បើកលឿន ទៅបុកម៉ូតូលោកតាអាចារ្យ ២នាក់ពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ខណ:ពេលបញ្ជូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពាន ស្ថិតក្នុងភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះទី១ ឈ្មោះ ហ៊ុន គា អាយុ៧៧ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដា គុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1N-2636 និងទី២/ឈ្មោះ ស៊ន ឈាង ភេទប្រុស អាយុ៦៨ឆ្នាំ ជាអ្នករួមដំណើរ ។ ជនរងគ្រោះទាំង២នាក់ គឺជាអាចារ្យ មានទីលំនៅភូមិឃុំកើតហេតុ។
ចំណែករថយន្ដបង្ក ម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0077 បើកបរដោយឈ្មោះ គ្រី វ៉ាន់ស៊ុយ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកលក់ថ្នាំពេទ្យ មានទីលំនៅភូមិព្រែកតាឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ (ឃាត់ខ្លួន)

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នា ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ២១ មកដល់ចំណុចលើស្ពានកើតហេតុ ក៏មានរថយន្ដខាងលើ បើកយ៉ាងលឿនក្នុងទិសស្របគ្នា បានបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះ ដួលបោកទៅនឹងស្ពានរងរបួសធ្ងន់ទាំង២នាក់ ហើយបានដាច់ខ្យល់ស្លាប់ ខណ:ពេលបញ្ជូនទៅមន្ទីរពេទ្យ ។

ភ្លាមៗផងដែរ អ្នកបើកបររថយន្ដ រួមទាំងរថយន្ដ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ទុក បន្ទាប់មកបានធ្វើការវាស់វែង កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។ រីឯសព បានប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់