ព័ត៌មានជាតិ

ចោរវ័យក្មេងដើរឆក់ នៅរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ច បញ្ជូនទៅតុលាការហើយ

ភ្នំពេញ:​ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ វ័យក្មេង ចំនួន០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ចោរឆក់វ័យក្មេងទាំង០៣នាក់នេះ ស្ថិតក្នុង០២ក្រុម ផ្សេងគ្នា ដោយ០២នាក់ ឈ្មោះ ឈាង ម៉េងឡុង ហៅដំឡូង ភេទប្រុស អាយុ ១៨ឆ្នាំ និង ឈ្មោះ ឈឹម សុវណ្ណវិចិត្រា ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតសម្ងាត់របស់អាវុធហត្ថ រាជធានីភ្នំពេញ ប្រដេញធ្លាក់ទឹក និងចាប់បាននៅវេលាម៉ោង២០ និង០៥នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុច មុខវិទ្យាល័យបុរី១០០ខ្នង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេ ០៤នាក់ ម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃរបស់បុរស ០១នាក់ ដែលកំពុងជិះម៉ូតូនិយាយទូរស័ព្ទលើដងផ្លូវ តែបក្ខពួក ០២នាក់ បានបត់ត្រឡប់ក្រោយគេចខ្លួនរួច សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។

ម្នាក់ទៀតមានឈ្មោះ ឈ្មោះ សុខ វឌ្ឈន: ហៅមករា ភេទប្រុស អាយុ ១៦ឆ្នាំ ត្រូវបានកម្លាំងល្បាតឯកសណ្ឋាន របស់អាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗ នៅ វេលាម៉ោង២១ និង០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុច ផ្លូវសុធារស កែងផ្លូវ១៧៨ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណ:ដែលរូបគេនិងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់កាបូបស្ពាយ របស់ស្ត្រីម្នាក់ លើម៉ូតូកង់បី តែបក្ខពួកម្នាក់ទៀតបានគេចខ្លួនរួច សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្ត។

ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចោរឆក់វ័យក្មេងទាំង០២ក្រុមខាងលើ ក៏បានសារភាពឲ្យដឹង ផងដែរថា កន្លងមកពួកគេសុទ្ធតែធ្លាប់បានធ្វើសកម្មភាពឆក់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានសម្រេចជាច្រើនលើករួចមកហើយ៕

មតិយោបល់