ព័ត៌មានជាតិ

ចុះដងទឹកក្នុងស្រះ ក្រទ្បេកខ្វាច់ ស្ទើរអស់ព្រលឹង!

ពោធិ៍សាត់: កាលពីវេលាម៉ោងប្រហែល ១២ កន្លះថ្ងៃត្រង់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មានករណីគេប្រទះឃើញ បុរសម្នាក់ដេកស្លាប់ ក្នុងទឹកស្រះក្បែរផ្ទះរបស់អ្នកស្រុក បង្កឲ្យមានការភ្ញាក់ផ្អើល នៅភូមិចម្ការតាប៉ូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះមានឈ្មោះ ប៉ក់ ខា ភេទប្រុស អាយុ៣៥ ឆ្នាំរស់នៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបានបាត់ដំណឹងពីផ្ទះពេញមួយថ្ងៃ លុះដល់ថ្ងៃកើតហេតុឈ្មោះ ហែន ធឿន ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិវាលឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានដើរទៅស្រះគាត់ បម្រុងដងទឹក ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់ក្នុងទឹកស្រះ ក៏ផ្អើលស្រែកឆោឡោឲ្យគេឯងជួយ និងរាយការណ៍ជូនសមត្ថកិច្ច ចុះត្រួតពិនិត្យ។

ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចសន្និដ្ឋានថា ដោយសារជនរងគ្រោះស្រវឹងស្រា ហើយចុះងូតទឹក ក៏ខ្យល់គគាំងបេះដូងស្លាប់តែម្តង រួចបានប្រគល់សពឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់