ត្បូងឃ្មុំៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១០និង២៥នាទី លោកវរសេនីយ៍ទោ ឡុង ថាវរិន្ទ អធិការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងភូមិសាស្ត្រទីរួមស្រុកមេមត់ ដើម្បីរក្សាសន្តិសុខ សុវត្តិភាពសង្គម ។
អំទ្បុងពេលកម្លាំង បានចុះដល់ចំណុចម្តុំឃ្លាំងពាណិជ្ជកម្ម (ទុកចោល) ស្ថិតក្នុងភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឃើញក្មេងប្រុសម្នាក់ គួរឲ្យសង្ស័យក៏ហៅ និងធ្វើការត្រួតពិនិត្យ ឆែកឆេរនៅលើខ្លួននោះ រកឃើញម្សៅក្រាម ពណ៌សថ្លា សង្ស័យថាជាថ្នាំញៀនខុសច្បាប់ចំនួន ១១កញ្ចប់ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យមានឈ្មោះ ភាព ឆានីន ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ (ឃាត់ខ្លួន) ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់