កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលខេត្តកណ្តាល បានស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបង្កហិង្សាយកកាំបិតប័ងតោកាប់ ទៅលើគូទំនាស់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២៦ខែ មេសា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង៣០ នាទីចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
តាមរបាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះក្នុងអំពើហិង្សានោះមាន២នាក់ គឺទី១.ឈ្មោះ នូ សាត ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ លក់ដូរ និងទី២.ឈ្មោះ ឈឹម សុផល ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ លក់ដូរ ។ អ្នកទាំង២ មានទីលំនៅនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ កាន់ សារៀម ភេទប្រុស អាយុ ១៩ ឆ្នាំមានទីលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលមុខរបរ កម្មករ(គេចខ្លួន) ។
វត្ថុតាងចាប់យក៖ កាំបិតប័ងតោពណ៌ស ១ ។
សភាពរឿងហេតុ ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះឈ្មោះ នូ សាត និងប្រពន្ធឈ្មោះយួម អ៊ីង អាយុ៥៧ឆ្នាំ បានឈ្លោះប្រកែកគ្នាជាមួយឈ្មោះ គឹម សៀន ភេទស្រី អាយុ៦២ឆ្នាំ ដែលត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ ពេលនោះជនសង្ស័យ បានយកកាំបិតប័ងតោពណ៌ស មកកាប់ជនរងគ្រោះឈ្មោះ នូ សាត បណ្តាលឲ្យរងរបួសត្រូវស្មាខាងឆ្វេងដេរ៧ថ្នេរ ត្រូវទ្រូងខាងឆ្វេងដេរ៦ថ្នេរ ត្រូវកដៃខាងឆ្វេងដេរ៣០ថ្នេរ។ ឃើញដូចនេះឈ្មោះ ឈឹម សុផល ភេទប្រុស អាយុ៣៨ឆ្នាំ បានស្ទុះទៅជួយឪពុកក្មេក ក៏ត្រូវជនសង្ស័យកាប់ត្រូវកំភួនដៃឆ្វេងដេរចំនួន៣៦ថ្នេរ ។
ជនរងគ្រោះត្រូវសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ។ លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨និង០០នាទីសាច់ញាតិជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ។
ក្រោយទទួលពាក្យបណ្តឹងកម្លាំង ប៉ុស្តិ៍បានចុះដល់កន្លែង កើតហេតុសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ។ ចំណែកជនសង្ស័យ បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន៕
មតិយោបល់