ភ្នំពេញៈ ករណីហិង្សាដោយចេតនា បណ្តាលឲ្យបុរសម្នាក់ ស្លាប់ និងរបួសធ្ងន់ម្នាក់ ត្រង់ចំណុចខាងមុខខារ៉ាអូខេឌីយ៉ាម៉ង់ ផ្លូវ២១៧ ស្ថិត នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០២និង៤០នាទី ។
ជនរងគ្រោះចំនួន០២នាក់ ទី០១ឈ្មោះ អ៊ុ តុល ហៅ លិញ (សព) ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន FBF មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២ឈ្មោះ អឿន ប៊ុនថាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្អូនជីដូនមួយ) មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសធ្ងន់ធ្ងរ) ។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០២និង៤០នាទី ជនរងគ្រោះ មុខរបរ សន្តិសុខឯកជន FBF មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានមកយាមហាងលក់ទូរស័ព្ទ BIG PHONE ស្ថិតនៅទីតាំងខាងលើ ។ ពេលនោះជនរងគ្រោះ បានដើរចេញពីកន្លែងយាម ទៅទិញសាច់គោអាំងនៅខាងមុខ ខារ៉ាអូខេ ឌីយ៉ាម៉ង់ ដែលមានចម្ងាចប្រហែល៣០ម៉ែត្រ ហើយបានចុចទូរស័ព្ទលេងហ្គេមក្បែររថយន្តម៉ាកហាយឡែនឌ័រ របស់ជនសង្ស័យ ដែលកំពុងតែចតនៅខាងមុខខារ៉ាអូខេ ឌីយ៉ាម៉ង់ នោះដែរ ស្រាប់តែជនសង្ស័យ ជាម្ចាស់រថយន្តម៉ាកហាយឡែនឌ័រ បានចុចកញ្ចក់រថយន្ត ចុះស្រែកអោយជនរងគ្រោះឈ្មោះ អ៊ុ តុល ហៅ លិញ ហើយក៏បានទាស់សម្ដីគ្នា រួចក្រុមជនសង្ស័យ បានចុះពីលើរថយន្តព្រួតជនរងគ្រោះ ប្រើដែកបំពង់ទីប និងដៃ វ៉ៃទៅលើជនរងគ្រោះ ហើយជនរងគ្រោះ ក៏បានរត់គេចចូលទៅក្នុងភូមិខាងក្រោយខារ៉ាអូខេឌីយ៉ាម៉ង់ ហៅឈ្មោះ អឿន ប៊ុនថាន់ ភេទប្រុស អាយុ២៣ឆ្នាំ (ត្រូវជាប្អូនជីដូនមួយ) ។
ដោយពួកគេ (ក្រុមជនរងគ្រោះ) បានត្រឡប់មកវិញ ទាញដុំថ្មគប់ទៅលើក្រុមជនសង្ស័យ ដែលមានរថយន្តចំនួន០២គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌សមួយ គ្រឿង និងម៉ាកហាយឡែនឌ័រពណ៌ប្រផេះ ០១គ្រឿង ដោយរថយន្ត០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AT-2875 មានជនសង្ស័យចំនួនប្រហែលជាង១០នាក់ ភេទប្រុស អាយុចាប់ពី២១ឆ្នាំ ទៅ៣០ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់ឈ្មោះ រួចពួកគេទាំង០២ក្រុម ក៏បានប្រើដំបង ដែកទីប ដាវ ដុំថ្ម គប់និងវ៉ៃគ្នាទៅវិញទៅមក បណ្តាលអោយជនរងគ្រោះឈ្មោះ អ៊ុ តុល ហៅ លិញ រងរបួសធ្ងន់ធ្ងរ ហើយក្រុមជនសង្ស័យ បានបើករថយន្តបុកបន្ថែម បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
បន្ទាប់មកក្រុមជនសង្ស័យ ក៏បានបើករថយន្តមកបុកជនរងគ្រោះឈ្មោះ អឿន ប៊ុនថាន់ ដែលកំពុងតែរងរបួសធ្ងន់ធ្ងរដែរនោះ បណ្តាលឲ្យដួលសន្លប់ នៅកន្លែងកើតហេតុដូចគ្នា រួចក្រុមជនសង្ស័យ បានបើករថយន្តទាំង០២គ្រឿងខាងលើ គេចខ្លួនតាមផ្លូវ២១៧ទៅទិសខាងជើងបាត់តែម្តង ហើយភ្លាមៗនោះ សមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុ យកជនរងគ្រោះឈ្មោះ អឿន ប៊ុនថាន់ មានរបួសបាក់ឆ្អឹងកដៃខាងស្តាំ, ដាច់រយះដៃខាងឆ្វេង០២កន្លែង និងក្បាលជាច្រើនកន្លែង ទៅសង្គ្រោះនៅក្លិនិចឯកជនឈ្មោះ សួគ៌ា ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដេរសរុបចំនួន៤៥ថ្នេរ ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ យកផ្លាកលេខរថយន្តទៅឆែករកអត្តសញ្ញាណម្ចាស់កម្មសិទ្ធិ និងឆែកកាមេរ៉ាសុវត្ថិភាព ពិនិត្យមើលអត្តសញ្ញាណជនសង្ស័យ ដើម្បីនាំខ្លួនយកមកធ្វើការសាកសួរ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់