កំពង់ស្ពឺៈ កាលពីវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ លើស្ត្រីម្នាក់ បានសម្រេច នៅផ្ទះបងស្រីជនរងគ្រោះ នៅខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ ង.ចភេទស្រី អាយុ ៣០ឆ្នាំ បានមកស្នាក់នៅជាមួយបងស្រី នៅភូមិកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានចេញពីធ្វើការរោងចក្រ យីហោស៊ីគ្លូវិញ ជាមួយបងស្រី។ លុះមកដល់ផ្ទះ នៅវេលាម៉ោង ៨និង៤០នាទីយប់ បងស្រីរបស់ខ្លួន បានឡើងទៅចាក់សោផ្ទះខាងលើ។ រួចក៏បាននាំគ្នាមកធ្វើម្ហូប នៅក្នុងរោងបាយ រហូតដល់ម៉ោង ១១យប់ ទើបនាំគ្នាឡើងទៅលើផ្ទះ ហើយជនរងគ្រោះ បាននៅលេងទូរសព្ទ ចំណែកបងស្រីរបស់ខ្លួន បានចូលទៅដេកនៅក្នុងបន្ទប់មុន។
លុះដល់ម៉ោង ១២ កណ្ដាលអធ្រាត្រ ជនរងគ្រោះ ក៏បានចូលមកដេក យកក្បាលមកទិសខាងត្បូង ក្បែរជញ្ជាំងខាងកើត ដោយសម្លៀកបំពាក់រ៉ូប ពណ៌ផ្កាឈូក គ្មានលីអូទេ។
រហូតដល់ម៉ោង ១រំលងអធ្រាត្រ មានគេយកជង្គង់ខាងឆ្វេង មកសង្កត់លើទ្រូងនាង រីឯដៃឆ្វេងរបស់គេ កាន់កាំបិតភ្ជង់ក កុំឲ្យស្រែកបើស្រែក គេនឹងសម្លាប់ចោល ដូច្នេះជនរងគ្រោះ មិនហ៊ានស្រែកឡើយរហូតរំលោភ ទាល់តែបានសម្រេច។
ក្នុងនោះដែរ ជនរងគ្រោះ បានចំណាំមុខជនសង្ស័យច្បាស់ណាស់ នៅលើផ្ទៃមុខជនសង្ស័យ មានស្នាមនៅចុងកន្ទុយភ្នែក ពីខាងឆ្វេង សក់រួញ មានក្លិនអាក្រក់ ស្ទើរតែទ្រាំពុំបាន ស្លៀកខោលីអូ គ្មានអាវទេ។ ក្រោយពីធ្វើសកម្មភាព រួចជនរងគ្រោះ លួងជនសង្ស័យឲ្យ ចុះទៅវិញពីព្រោះខ្លាចគេសម្លាប់ចោល។
ពេលជនសង្ស័យ បានចុះពីលើផ្ទះ ដោយដៃកាន់កាំបិតជាប់ មកជាមួយផង គ្រាន់តែចុះផុតភ្លាម ជនរងគ្រោះ ស្រែកឲ្យបងជួយថា មានគេចាប់រំលោភ ទើបឆោឡោតែម្ដង។
ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បានឃាត់ខ្លួនយកមកសួរនាំ បានសារភាពថា ខ្លួនពិតជាបានរំលោភលើជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បន្តចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់