ព័ត៌មានជាតិ

ផ្លូវជាតិលេខ៤ ទៀតហើយ! លាន់ឮដូចរន្ទះ រថយន្តបុកគ្នា ស្លាប់ និងរបួស ២នាក់

កណ្ដាលៈ នៅវេលាម៉ោង២និង២០នាទីយប់ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ មានករណីរថយន្តបុកគ្នា តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេតកណ្ដាល។

ជនរងគ្រោះឈ្មោះ រ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរព្រូរថយន្ដ (ស្លាប់) រួមដំណើរជាមួយតៃកុងឡានឈ្មោះ អឿន ដារិន ភេទប្រុស អាយុ២៥ឆ្នាំ បើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2448 និងម្នាក់ទៀតឈ្មោះ ម៉ែន តឿ ភេទប្រុស អាយុ ២៥ឆ្នាំ (រងរបួសស្រាល) អ្នកទាំង៣នាក់មានទីលំនៅភូមិ៤ ក្រុមទី១៣ សង្កាត់ស្ទឹងហាវ ខេត្តព្រះសីហនុ។

រថយន្តបង្កម៉ាក កាំម៉ាស ធុនធំប្រភេទសណ្ដោងកន្ទុយរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ក 8956 ភ.ព 3 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ក្រោយកើតហេតុរត់គេចខ្លួនបាត់។

ប្រភពដពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ដម៉ាកកាំម៉ាសខាងលើ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ចំណុចខាងលើ ស្រាប់តែរថយន្តនោះបត់ឆ្វេងឆ្លងផ្លូវ ក្នុងគោលបំណងត្រឡប់ក្រោយ រំពេចនោះក៏មានរថយន្ដ១គ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធ្វើដំណើរច្រាស់ទិសគ្នា ក្នុងល្បឿនលឿន ឈប់មិនទាន់ បានបុកចំពាក់កណ្ដាលរថយន្ដពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាព្រូរថយន្ដហ៊ីយ៉ាន់ដាយ រងរបួសធ្ងន់ ត្រូវរថយន្ដសាមុយ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះដាច់ខ្យល់ស្លាប់ ខណៈពេលទៅដល់មន្ទីរពេទ្យ ។

មូលហេតុ៖ បណ្ដាលមកពីអ្នកបើកបររថយន្តកាំម៉ាស បើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួស ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់