ពោធិ៍សាត់ៈ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ មានករណីបុរសម្នាក់ ជិះម៉ូតូមិនប្រយ័ត្នដួលខ្លួនឯង ត្រូវរថយន្តបើកមកពីក្រោយ បុកស្លាប់ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៣៩-១៤០ ស្ថិតក្នុងភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះមានឈ្មោះ អិន អៀង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូម៉ាក យ៉ាមាហា Mslaz ពណ៌ប្រផេះ គ្មានស្លាកលេខ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏ដួលខ្លួនឯង ខ្ទាតមនុស្សទៅកណ្តាលទ្រូងផ្លូវ ខណៈនោះក៏មានរថយន្តម៉ាក តូយូតា ស៊ីណា ពណ៌ទឹកប្រាក់ ធ្វើដំណើរច្រាស់ទិសគ្នា បានបុកបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ភ្លាមៗនោះ អ្នកបើកបររថយន្ត បានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោលតែម្ដង។ បន្ទាប់ពីសមត្ថកិច្ច ទទួលបានដំណឹង ក៏បានចុះធ្វើកំណត់ហេតុរួច ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ បណ្ដាលមកពីកត្តាអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។
ដោយមានការសហការ រវាងកម្លាំងចរាចរណ៍ផ្លូវគោក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ខេត្តពោធិ៍សាត់ បានធ្វើការស្រាវជ្រាវ ប្រទះឃើញរថយន្តបង្កលើ ចតចោលក្បែរផ្ទះប្រជាពលរដ្ឋ រួចក៏ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់