ភ្នំពេញៈ នៅរសៀលថ្ងៃទី១២ ខែ កក្កដា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Geng Hui Chaug រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
ប៉ុន្មានថ្ងៃមុននេះ លោក Geng Hui Chaug បានជួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង, នាយឧត្តមសេនីយ៍ សៅ សុខា និងអគ្គស្នងការនគរបាលជាតិលោក នេត្រ សាវឿន អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ កាស៊ើបអង្កេត ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាជាដើម។ ភាគីចិននឹងបន្តជួយកម្ពុជាដោយផ្តល់នូវគ្រឿងបរិក្ខា បច្ចេកទេស សំរាប់វិស័យសន្តិសុខ ហើយចិនក៏នឹងជួយកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សអំពីការប្រើប្រាស់គ្រឿងបរិក្ខាទាំងអស់នេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន ពេញចិត្ត និងគាំទ្ររាល់កិច្ចពិភាក្សាទាំងឡាយជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានផ្តល់បរិក្ខា និង ការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា។ នេះគឺដោយសារភាគីចិនមានសមត្ថភាព និងលទ្ធភាពច្រើនក្នុងការជួយដល់កម្ពុជាលើវិស័យសន្តិសុខនេះ៕
មតិយោបល់