ព័ត៌មានជាតិ

លុចស៊ីស RX300 បុកម៉ូតូកង់បី Passapp ខ្ទាតទៅបុក លុចស៊ីស LX450 ចតស្ងៀមខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីម៉ោង១និង៤០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បុកពីក្រោយម៉ូតូកង់បី Passapp ខ្ទាតទៅបុករថយន្តមួយគ្រឿងទៀត ចតស្ងៀម បណ្ដាលឲ្យរងការខូចខាត តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ចំណុចទល់មុខស្ថានីយ៍ទូរទស្សន៍CTN។

រថយន្តបង្កម៉ាកលុចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AQ-6929 បើកបរដោយបុរសម្នាក់។ ម៉ូតូកង់បី Passapp ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GZ-7092 បើកដោយបុរសម្នាក់ រួមដំណើរជាមួយប្រុសស្រី២នាក់ទៀត។ ចំណែករថយន្ត ដែលចតស្ងៀម ម៉ាកលុចស៊ីស LX450 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2C-8877។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាកលុចស៊ីស RX300 បុកពីក្រោយ Passapp ខណ:បើកស្របគ្នា ពីត្បូងទៅជើង បណ្តាលឲ្យខ្ទាតទៅបុករថយន្តម៉ាកលុចស៊ីស LX450 ចតស្ងៀមបែកកង់មុខផ្នែកខាងឆ្វេង បាក់កញ្ចក់ឆ្កូតថ្នាំ និងរបើកកាត់សាប៊ូលើកង់ ចំណែក Passapp វិញក្រឡាប់រងការខូចខាត តៃកុងម្នាក់ និងអ្នករួមដំណើរម្នាក់រងរបួស ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខបន្តិចបន្តួចប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ដោយសាភាគីទាំងបី សម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមច្បាប់៕

មតិយោបល់