ព័ត៌មានជាតិ

រថយន្តតាកូម៉ា បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង រងការខូចខាត

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តតាកូម៉ាមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះ មិនប្រយ័ត្នក៏ជ្រុលចង្កូត ទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដាច់កង់ក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខខ្លោងទ្វារផ្សារទួលគោក តាមបណ្តោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយូតាតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-5341 ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវ២៨៩ ក្នុងល្បឿនយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ ខ្ទាតទៅកណ្ដាលផ្លូវម្ខាងទៀត ចំណែកឯរថយន្តបង្ក បានរងការខូចខាតដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេង ក្រឡាប់ផ្ងារជើងខ្ទាតទៅចិញ្ចើមផ្លូវ។

ភ្លាមៗនោះ អ្នកបើករថយន្តបង្ក បានលោតចេញមកពីក្នុងរថយន្ត រួចក៏គេចខ្លួនចេញពីកន្លែង កើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅទីតាំងខាងលើ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់