ភ្នំពេញៈ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបសង្សារត្រឡប់មកផ្ទះវិញ ក៏ត្រូវបានក្រុមចោរប្រដាប់អាវុធមួយក្រុម ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូបានសម្រេច ជិះរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខហាងកាហ្វេយីហោ វ៉ាន មីង៩ ខាងលិចស្តុបរង្វង់មូលកាំខូស៊ីធីប្រហែល៥០០ម៉ែត្រ តាមបណ្តោយផ្លូវឧកញាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលគោកសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ពុំ ភារៈ អាយុ២២ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។
បើតាមសម្តីពីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិប្រុសម្នាក់រួមទាំងនារីជាអ្នករត់តុនៅហាងកាហ្វេដែលជាសង្សាររបស់ជនរងគ្រោះម្នាក់ទៀតហើយបានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GJ-5190 ដែលទើបតែជិះចេញមកពីដើរលេងនៅម្តុំកោះពេជ្រ ហើយបំណងជិះជូននារីជាសង្សារទៅផ្ទះវិញដែលនៅត្រង់ចំណុចកើតហេតុខាងលើ។
លុះមកដល់ចំណុចកើតហេតុដោយហាងកើតហេតុខាងលើត្រូវបិទទ្វារចាក់សោពីខាងក្នុង ហើយជនរងគ្រោះនិងមិត្តភក្តិរួមទាំងសង្សារក៏បានឈប់ម៉ូតូនៅខាងមុខហាង ដើម្បីរង់ចាំគេងើបមកបើកទ្វារហាងឲ្យនារីជាសង្សារចូល។ ស្រាប់តែមួយសន្ទុះក្រោយមកក៏ស្រាប់តែមានក្រុមចោរចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី មិនចាំស្លាកលេខ ជិះមកក្រឡឹងជនរងគ្រោះ២-៣បក។ បន្ទាប់មកក៏ក្រុុមចោរប្រដាប់អាវុធខាងលើរួមទាំងបក្ខពួក៤នាក់ទៀតជិះម៉ូតូពីរគ្រឿងមិនចាំម៉ាក មកជិះពួកគាត់ហើយក៏បានធ្វើសកម្មភាពប្លន់យកម៉ូតូរបស់ជនរងគ្រោះ ដោយមានបក្ខពួកក្រុមចោរម្នាក់ក្នុងចំណោម៦នាក់ បានដកកាំភ្លើងខ្លីមួយដើមមកភ្ជង់គំរាមកុំឲ្យស្រែក ហើយក្រុមចោរក៏បានយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកចោររត់ដេញតាម ហើយក៏ត្រូវក្រុមចោរគប់មួយដុំថ្មត្រូវដៃ រួចក្រុមចោរក៏បន្តជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកម៉ូតូរបស់ខ្លួនយកត្រឡប់មកវិញ៕
មតិយោបល់