ព័ត៌មានជាតិ

ព្រះរាជអាជ្ញាខេត្តកំពង់ចាម គ្មានការធ្វើទារុណអ្នកជាប់ឃុំឈ្មោះ ទិត្យ រ៉ន ឱ្យស្លាប់ឡើយ

កំពង់ចាមៈ យោងតាមផេករបស់ប្រតិកម្មរហ័សខេត្តកំពង់ចាមបានឲ្យដឹងថា ព្រះរាជអាជ្ញាខេត្តកំពង់ចាមលោកហួត វុទ្ធី នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នេះបានចេញមកច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថាកម្លាំងសមត្ថកិច្ចបានធ្វើទារុណកម្មអ្នកជាប់ឃុំម្នាក់រហូតស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់ឃុំឃាំង។

ឆ្លងតាមការស្រាវជ្រាវនិងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពិរុទ្ធជន ទិត្យ ​រ៉ន បានដោយដួលក្នុងបន្ទប់ទឹកបោកក្បាលស្លាប់ដោយខ្លួនឯងមិនដូចការចុះផ្សាយរបស់ក្រុមប្រឆាំងទុច្ចរិតតាមបណ្តាញសង្គមfacebookដែលបានចោទប្រកាន់មកលើកម្លាំងមានសមត្ថកិច្ចនោះឡើយ។
ក្រោយបញ្ចប់កិច្ចប្រជុំមួយដើម្បីស្រាវជ្រាវលើករណីនេះលោកហួតវុទ្ធីបានអះអាងថាអ្នកជាប់ឃុំឈ្មោះទិត្យរ៉នអាយុ២៦ឆ្នាំបានស្លាប់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ហើយលោកបានចេញបទបញ្ជាភ្លាមៗឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើករណីជនជាប់ចោទដែលបានស្លាប់នោះ។
លោកបន្តថាក្រោយពីមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់នោះជាលទ្ធផលសមត្ថកិច្ចបានរកឃើញថាឈ្មោះទិត្យរ៉នត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទបង្ករបួសស្នាមដោយចេតនាប្រព្រឹត្តនៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៦ ហើយបានយកមកឃុំជាបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមក្នុងបន្ទប់តែមួយជាមួយជនសង្ស័យពីរនាក់ផ្សេងទៀត។
លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ឈ្មោះទិត្យរ៉នបានដើរចូលទៅក្នុងបន្ទប់ទឹកក្នុងអាគារឃុំខ្លួនបណ្ដោះអាសន្នទាំងខ្លួនដៃញ័រជើងរបៀបដូចជាមនុស្សញៀនស្រាទើបបណ្ដាលឲ្យដួលបោកក្បាលទៅប៉ះជ្រុងអាងទឹកបង្កឲ្យមានរបួសលើត្របកភ្នែកខាងស្ដាំហូរឈាមជាដំណំ។រហូតដល់ថ្ងៃទី១៨ខែមេសាអ្នកជាប់ឃុំនេះក៏បានស្លាប់នៅក្នុងប៉ុស្តិ៍សុខភាពនៃពន្ធនាគារខេត្តកំពង់ចាម។
តាមសាក្សីឃុំខ្លួនក្នុងបន្ទប់ជាមួយគ្នាបានបញ្ជាក់ថាពេលដែលនៅក្នុងបន្ទប់ជាមួយឈ្មោះទិត្យរ៉ននោះគឺខ្លួនប្រាណគាត់មានធុំក្លិនស្រានិងមានសភាពញ័រដៃញ័រជើងដើរមិនសូវត្រង់ផ្លូវ។លុះនៅថ្ងៃទី១៧ខែមេសាឆ្នាំ២០១៩ស្រាប់តែឈ្មោះទិត្យរ៉នមានសភាពញ័រដៃញ័រជើងកាន់តែខ្លាំងនិងមានបែកពពុះមាត់ហាក់បីដូចជាមនុស្សញៀនស្រាបន្ទាប់មកគាត់ក៏បានដើរចូលទៅក្នុងបន្ទប់ទឹកនៃអគារឃុំឃាំងនោះរួចក៏ដួលផ្កាប់មុខបោកក្បាលត្រូវនឹងកែងអាងទឹកបង្គន់ស្លាប់តែម្ដង៕

 

មតិយោបល់