ព័ត៌មានជាតិ

គោយន្តកន្រ្តៃរនៅពីលើម៉ូតូនៅពីក្រោមបណ្តាលឲ្យ របួសធ្ងន់០១នាក់

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦និង ២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកជាមួយគោយន្តកន្ត្រៃ នៅលើផ្លូវ ២៦៨A ត្រង់ចំណុចភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យយុវជនម្នាក់បានរងរបួសធ្ងន់បាក់ភ្លៅ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ មុនដំបូងមានគោយន្តកន្ត្រៃមួយគ្រឿងអ្នកបើកបរ ឈ្មោះ ហ៊ាន ភឿយ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិសដៅ ពីត្បូងទៅជើងពេលទៅដល់ចំណុចកើតហេតុ ត្រង់ចំណុចភូមិប៉ោយស្នួល ឃុំប៉ោយចារ មានម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ត្រួយចេក ស្លាកលេខសៀមរាប 1AB 1396 បើកបរដោយឈ្មោះ សេង សុន ហៅឆាយ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបើកបរក្នុងទិសដៅច្រាសទិសគ្នា ពីជើងទៅត្បូងបានបុកគោយន្តកន្ត្រៃរពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ សេង សុន ហៅឆាយ រងរបួសធ្ងន់ បាក់ភ្លៅខាងស្ដាំត្រូវបានសាច់ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា៖ មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នោះ មកពីអ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ។ បច្ចុប្បន្នវត្ថុតាងម៉ូតូ និងគោយន្តកន្ត្រៃត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ប៉ោយចារ ស្រុកភ្នំស្រុក រងចាំដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់