តម្លៃផ្ទះនៅក្នុងប្រទេសអេស្ប៉ាញបានធ្លាក់ចុះ ១២ភាគរយ ក្នុងត្រីមាសទី២ឆ្នាំ ២០១៣ បើធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១២។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្ថិតិជាតិ បានឲ្យដឹងកាលពីថ្ងៃសុក្រកន្លងទៅ។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្ថិតិជាតិ បានឲ្យដឹងថា តម្លៃផ្ទះបានធ្លាក់ចុះ ០,៨ភាគរយតាំងពីត្រីមាសដំបូងមកម្ល៉េះ ពោលគឺទាំងតម្លៃផ្ទះថ្មី និងផ្ទះដែលធ្លាប់មានគេរស់នៅ។
នៅក្នុងត្រីមាសទី២នេះ តម្លៃផ្ទះថ្មី បានធ្លាក់ចុះ ១២,៧ភាគរយ ខណៈពេលដែលតម្លៃផ្ទះដែលមានគេរស់នៅហើយ ធ្លាក់ចុះ ១២,១ភាគរយ បើធៀបនឹងទៅនឹងឆ្នាំ ២០១២។
វិទ្យាស្ថានស្ថិតិជាតិបានឲ្យដឹងថា តម្លៃផ្ទះនៅក្នុងប្រទេសអេស្ប៉ាញទាំងអស់បានធ្លាក់ចុះគ្រប់ទោសទីនៅក្នុងត្រីមាសទី១ ដែលនេះជាវិបត្តិសេដ្ឋកិច្ចតូចមួយផងដែរ សម្រាប់អេស្ប៉ាញ។
យោងតាមទិន្នន័យបានបង្ហាញថា តម្លៃផ្ទះនៅក្នុងប្រទេសអេស្ប៉ាញបានធ្លាក់ចុះចាប់តាំងពីត្រីមាសទី២ឆ្នាំ ២០០៨។
រដ្ឋាភិបាលអេស្ប៉ាញបានដំឡើងថ្លៃពន្ធលើកការលក់ផ្ទះពី ៤ទៅ១០ភាគរយនៅក្នុងឆ្នាំ ២០១៣ ដែលធ្វើឲ្យតម្លៃផ្ទះធ្លាក់ចុះ ១៤,៣ភាគរយ នៅក្នុងត្រីមាសទី១ ហើយធ្លាក់ចុះ ១២ភាគរយនៅក្នុងត្រីមាសទី២៕
មតិយោបល់