ព័ត៌មានជាតិ

ប្រជាពលរដ្ឋស្វាគមន៍ចោរឆក់ទូរស័ព្ទម្នាក់យ៉ាងចាស់ដៃ

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវប្រជាពលរដ្ឋចាប់បានរួចព្រួតគ្នាវាយយ៉ាងចាស់ដៃ ក្រោយពេលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទអាយហ្វូន៥ ពីឪពុកកូនពីរនាក់បានសម្រេច តែគេចខ្លួនមិនរួច កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខវត្តបទុម តាមបណ្តោយវិថីស៊ូស្រ៊ុន ស្ថិតក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កេត វ៉ារ៉ូ អាយុ២៤ឆ្នាំ មានមុខរបរជាព្រូឡាន ស្នាក់នៅការ៉ាស់ឡានមួយកន្លែង ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ និងកូនប្រុសម្នាក់បានជិះម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 2H-4356 ឌុបគ្នាចេញពីកោះពេជ្រ ពេលមកដល់ចំណុចជិតសួននាគបាញ់ទឹក ខណៈកូនរបស់គាត់កំពុងចុចទូរស័ព្ទលើម៉ូតូ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក SIRIUS ពណ៌ក្រហម ពាក់ស្លាកលេខក្លែងក្លា ក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទអាយហ្វូន៥ ពីកូនរបស់គាត់បានសម្រេច ពេលនោះគាត់ក៏បើកម៉ូតូដេញ និងស្រែក ចោរៗ រហូតដល់មុខវត្តបទុម ក៏ត្រូវបានប្រជាការពារឃាត់ខ្លួនបានម្នាក់ហើយប្រជាពលរដ្ឋក៏នាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងទ្រមខ្លួន ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុនាំជនសង្ស័យ និងម៉ូតូជិះធ្វើសកម្មភាព រួមនិងជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់