ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស៊ីម៉ង់ត៍ CAMEl (សញ្ញារូបអូដ្ឋ) បើកកិនបុរសម្នាក់ស្លាប់យ៉ាងរន្ធត់

កណ្ដាល: រថយន្ដដឹកស៊ីម៉ង់ត៌មួយគ្រឿង បើកមកប៉ះម៉ូតូ កំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យដួលខ្ទាតអ្នកបើកម៉ូតូ ចូលក្រោមកង់រថយន្ដខាងក្រោយផ្នែកខាងស្ដាំ ត្រូវរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ យឹម សុផល ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិឃ្មត់ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ម 3585 ភព1 ។ ចំណែកឯរថយន្ដបង្ករបស់ក្រុមហ៊ុនស៊ីម៉ង់ត៍ CAMEl (សញ្ញារូបអូដ្ឋ) ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង+ស ពាក់ស្លាកលេខ ស្វាយរៀង3A-0341 បើកបរដោយឈ្មោះ ចាន់ ធីរិទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិទូកមាសឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដដឹងស៊ីម៉ង់ត៌ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៣ (ពីតាកែវឆ្ពោះទៅភ្នំពេញ) មកដល់ចំណុចកើតហេតុ ក៏បានកៀរម៉ូតូមួយគ្រឿង ធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យដួលម៉ូតូ ខ្ទាតជនរងគ្រោះចូលក្រោមកង់រថយន្ដខាងក្រោយផ្នែកខាងស្ដាំ កិនបែកក្បាលស្លាប់ភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាង និងឃាត់ខ្លួនអ្នកបើកបររថយន្ដ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់