កណ្ដាលៈ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ធ្វើអត្តឃាត (ចង.ក) សម្លាប់ខ្លួនឯង មិនដឹងមូលហេតុ ត្រង់ចំណុចក្នុងបន្ទប់ទឹក សាលាបឋមសិក្សាវត្តកោះទៀវ ស្ថិតក្នុងភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ។
ជនរងគ្រោះឈ្មោះ ប៊ុន រ៉ែន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
តាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះមានអារម្មណ៍រវើរវាយ ខុសធម្មតា ដោយនិយាយថា មានគេតាមចាប់ខ្លួន ហើយជនរងគ្រោះ ចេះតែមានអាការៈភ័យខ្លាច និងរត់ពួន ខណៈការពិតពុំមានអ្នកណា តាមចាប់ជនរងគ្រោះនោះទេ។
ដោយឃើញសភាពជនរងគ្រោះបែបនោះ ក្រុមគ្រួសារសាច់ញាតិ ក៏បាននាំជនរងគ្រោះទៅស្រោចទឹកចេញ ។ លុះមដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះ បានទៅធ្វើការសំណង់ នៅសាលាបឋមសិក្សាវត្តកោះទៀវ ខណៈមកដល់វេលាម៉ោងប្រមាណ១៥និង៣០នាទី ជនរងគ្រោះបានប្រាប់អ្នក ដែលធ្វើការជាមួយគ្នាថា៖ ទៅបត់ជើងធំមួយភ្លែត ហើយក៏ទៅបាត់រហូត។
ដោយបាត់ជនរងគ្រោះយូរពេក អ្នកធ្វើការជាមួយមានការងឿងឆ្ងល់ ក៏ដើរតាមរកក្នុងចម្ការពោតជិតៗនោះ តែរកពុំឃើញនោះទេ ភ្លាមនោះក៏មកមើលនៅបន្ទប់ទឹក ដោយឃើញបិទទ្វារ ហើយជាប់គន្លឹះពីខាងក្នុង រួចក៏អើតមើលស្រាប់តែឃើញជនរងគ្រោះចង.ក នឹងខ្សែក្រវ៉ាត់ជាប់ធ្នឹមបន្ទប់ទឹកស្លាប់បាត់ទៅហើយ។
ករណីនេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ រដ្ឋបាលសំពៅពូន ចុះមកត្រួតពិនិត្យ សន្និដ្ឋានថា ជនរងគ្រោះពិតជាចង.ក សម្លាប់ខ្លួនឯងប្រាកដមែន។
ក្រោយធ្វើកោសល្យវិច័យរួច សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់