ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើន រួមទាំងមន្ត្រីតូចធំ រហូតដល់មន្ត្រីកំពូលៗផងដែរ នៅគ្រាដែលពួកបានធ្វើដំណើរឆ្លងកាត់នៅតំបន់ជុំវិញស្តាតអូឡាំពិក ពិសេសនៅតំប់់ខាងជើង និងខាងលិច ជាប់នឹងការដ្ឋានសំណង់អគារធំៗខ្ពស់ៗរបស់ក្រុមហ៊ុនវិនិយោគក្នុងស្រុករបស់ធនាគារកាណាឌីយ៉ា ហៅថា OCIC នោះ តែងតែមានអារម្មណ៍ភ័យខ្លាចគ្រប់គ្នា ចាប់តាំងពីក្រោយមានហេតុការណ៍ធ្លាក់ដែកមកលើស្ត្រីម្នាក់ បណ្តាលឲ្យបែលក្បាលស្លាប់យ៉ាងអាណោចអាធម័ម ខណៈកំពុងជិះម៉ូតូជាមួយកូនស្រី និងមានករណីបែបនេះ បណ្តាលឲ្យមានស្លាប់ និងរបួសជាបន្តបន្ទាប់មកទៀតមកនោះ។
ជាក់ស្តែង កាលពីរសៀលម្សិលមិញ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅគ្រាដែលមានភ្លៀងធ្លាក់មួយមេធំលើកដំបូងនៅរាជធានីភ្នំពេញ វាបានធ្វើឲ្យផ្លូវថ្នល់នៅជាប់ការដ្ឋានសំណង់នោះ បានបាក់ស្រុតយ៉ាងជ្រៅ និងធ្វើឲ្យរថយន្ត៣ ទៅ៤គ្រឿង ធ្លាក់ចូលរណ្តៅផ្លូវថ្នល់ ដែលស្រុតនោះផងដែរ។ ទិដ្ឋភាពទាំងនោះ ធ្វើឲ្យអ្នករស់នៅក្បែរកន្លែងកើតហេតុ រួមនឹងអ្នកដំណើរ មានការភ័យខ្លាចគ្រប់ៗគ្នា ដោយស្មានតែស្រុកខ្មែរ មានការរញ្ជួយដីដូចនៅជប៉ុនដែរ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បាននិយាយថា ក្រុមហ៊ុនសំណង់ OCIC ដែលបានធ្វើការវិនិយោគដីបរិវេណស្តាតនេះ គេបានជីករណ្តៅគ្រឹះជ្រៅៗ ស្ទើរតែដល់ក្បាលប្រែតទៅហើយ និងបានជីកនៅជាប់នឹងទ្រូងផ្លូវ ជុំវិញតំបន់សំណង់នោះផងដែរ ដែលធ្វើឲ្យផ្លូវថ្នល់នៅទីនោះរងការបាក់ស្រុតជាបន្តបន្ទាប់។ ជាក់ស្តែង ពេលភ្លៀងម្សិលមិញ កំណាត់ផ្លូវជាប់ទៅនោះ បានស្រុតយ៉ាងធំធ្វើឲ្យរថយន្ត៣ ទៅ៤គ្រឿង ធ្លាក់ចូលក្នុងរណ្តៅនោះ ដែលបណ្តាលមកពីទឹកហូរច្រោះគ្រឹះខាងក្រោម ធ្វើឲ្យស្រុតផ្លូវថ្នល់តែម្តង។
នៅក្នុងហេតុការណ៍នោះ គេពុំបានឃើញអាជ្ញាធរមូលដ្ឋាន ឬក្រុងចុះទៅអន្តរាគមន៍ទេ វាហាក់បីដូចជាទាំងអាជ្ញាធរមូលដ្ឋាន ទាំងអាជ្ញាធរសាលារាជធានី ឬមន្ទីរសាធារណការ ខ្លាចអំណាចក្រុមហ៊ុនអ៊ីចឹង ហើយបានជាមិនចុះពិនិត្យ ឬមានវិធានការលើក្រុមហ៊ុនសាងសង់នោះ។ ជាទូទៅ គេសង្កេតឃើញថា ដីទំនេរ ដែលស្ថិតនៅជុំវិញបរិវេណស្តាតអូឡាំពិកនោះ ត្រូវបានក្រុមហ៊ុនវិនិយោគ OCIC សាងសង់សំណង់អគារធំៗ ខ្ពស់ៗ ហ៊ុំព័ទ្ធបាំងទិដ្ឋភាពពហុកីឡដ្ឋានជាតិ ស្ទើរតែទាំងស្រុងផងដែរ ដែលធ្វើឲ្យមានការរិះគន់ពីមហាជនយ៉ាងខ្លាំង៕
មតិយោបល់