ព័ត៌មានជាតិ

មេក្លោងជួញដូរគ្រឿងញៀននៅស្រុកកោះធំ ត្រូវបានសមត្ថកិច្ចក្របួចជាប់ ក្រោយបុណ្យចូលឆ្នាំថ្មី

កណ្តាល៖ កម្លាំងនគរបាលស្រុកកោះធំនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះបានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនសកម្មម្នាក់ ជាមួយគ្រឿងញៀនជាមួយកញ្ចប់ធំ។ 
យោងតាមលោក ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានឱ្យដឹងថា កម្លាំងរបស់លោកបានចាប់បង្ក្រាបបានជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ។ លោកបន្តថា ជនសង្ស័យ ឈ្មោះ រិន ភារិទ្ធ ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ កំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ លោកអធិការបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរបស់លោកបានរឹបអូសបាន វត្ថុតាងមួយចំនួនរួមមាន៖- គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន អាយ (មា៉ទឹកកក) ចំនួន ០១ កញ្ចប់ធំ – ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង – ទូរស័ព្ទដៃចំនួន ០១ គ្រឿង ។- សំម្ភារសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ- ហិបដែកចំនួន ០១ ។

លោកអធិការបានបន្ថែមថា កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំរបស់លោក សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកថ្មី ក្រោយពីទទួលពត៌មានពីកម្លាំងសន្តិសុខថា មានឈ្មោះ រិន ភារិទ្ធ បាននឹងកំពុងធ្វើសកម្មភាពចែកចាយ និងជួញដូរគ្រឿងញៀនយា៉ងសកម្មនៅម្តុំវត្តសិរីដីដុះ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ទើបកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបមុខសញ្ញាដោយឃាត់ខ្លួនបានជាមួយគ្រឿងញៀន ១កញ្ចប់ធំ។

សូមជម្រាបថា បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ 

  
  
  
  
 

មតិយោបល់