ព័ត៌មានជាតិ

Update៖ ឌុបគ្នាទៅធ្វើការនៅអគារវឌ្ឍនៈ ត្រូវរថយន្តបុកស្លាប់ បន្សល់ទុកកូនអាយុ ៦ខែ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីម្នាក់បានស្លាប់ ខណ:ជិះម៉ូតូមួយគ្រឿង ឌុបគ្នាចេញពីផ្ទះ បំណងទៅធ្វើការ ត្រូវរថយន្តសាំយ៉ុង បើកបុកពីក្រោយ និងកិនបែកក្បាលស្លាប់មួយរំពេច។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥ និង៣៥នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស ចំណុចមុខអគារវឌ្ឍន: សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្រ្តីរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ទឹកសមុទ្រ មិនចាំស្លាកលេខ ឌុបគ្នាចេញពីផ្ទះ នៅម្តុំផ្សារទួលសង្កែ ខណ្ឌឫស្សីកែវ បំណងទៅធ្វើការ នៅអគារវឌ្ឍន:ផ្នែកអនាម័យ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវព្រះមុនីវង្ស មកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះ បានស៊ីញ៉ូបត់ឆ្វេង ទៅតាមផ្លូវលេខ១០២ ចូលទៅកន្លែងធ្វើការ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស មិនចាំស្លាកលេខ បើកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យដួល បន្ទាប់មក ត្រូវរថយន្តបង្កបើកកិនក្បាលស្រ្តីរងគ្រោះបន្ថែម បណ្តាលឲ្យស្លាប់មួយរំពេច។ ចំណែកអ្នកឌុប រងរបួសស្រាល ។

ភ្លាមៗនោះ រថយន្តបង្ក បានបន្ថែមល្បឿន បើករត់គេចខ្លួន ទៅតាមផ្លូវជាតិលេខ៦ បាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ និងទំនាក់ទំនង ទៅក្រុមគ្រួសារ យកសពទៅតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានជនរងគ្រោះ៕

មតិយោបល់