ព័ត៌មានជាតិ

ចោរលួចមិនរើសមុខ នាំគ្នាទៅលួចគ្រឿងសមុទ្រ ម្ចាស់ទាន់ ចាប់ខ្លួនបានម្នាក់ រត់គេច៤នាក់

ភ្នំពេញ: ជនសង្ស័យលួច មិនរើសមុខម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ក្នុងចំណោមបក្ខពួក៤នាក់ទៀត ដែលរត់គេចខ្លួនបាត់ បន្ទាប់ពីនាំគ្នាទៅធ្វើសកម្មភាពលួចយកគ្រឿងសមុទ្រ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅខាងក្រោយសាលាបឋម សិក្សាជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ សែម ចាន់វិសាល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុ ចំណែកបក្ខពួក៤នាក់ទៀត រត់គេចខ្លួនបាត់ ។ រីឯជនរងគ្រោះឈ្មោះ ឡុង សេងថៃ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ លក់គ្រឿងសមុទ្រ បាត់បង់អស់ក្តាមសមុទ្រ៥គីឡូក្រាម និងគ្រឿងសមុទ្រផ្សេងទៀត ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា ច្រើនលើកច្រើនសារហើយ ក្រុមជនសង្ស័យខាងលើ ធ្វើសកម្មភាពចូលលួចគ្រឿងសមុទ្រ ដែលគាត់ ក្លាស្សេ ក្នុងធុងកេស នៅបរិវេណផ្ទះ មកដល់ព្រឹកថ្ងៃទី០៦ ខែឧសភានេះ បន្ទាប់ពីអ្នកក្បែរខាងឃើញស្រែកប្រាប់ ថា មានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពលួចគ្រឿងសមុទ្រ ដោយនៅថ្ងៃកើតហេតុ គាត់ដឹងខ្លួន ទើបងើបចេញមក ចាប់បានជនសង្ស័ម្នាក់ រត់គេចខ្លួនបាត់៤នាក់ ។

ជនសង្ស័យក្រោយចាប់ខ្លួន ត្រូវបាននាំទៅប៉ុស្តិ៍ សាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី៕

មតិយោបល់