ភ្នំពេញៈ ជនសង្ស័យ ជាមុខសញ្ញាកាច់សោកលួចម៉ូតូ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវឃាត់ខ្លួន កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥ មុខសួនឃ្លាំងសាំងសូគីម៉ិច ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក តូច គីមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវបានឲ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចខណ្ឌ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក និងឆែកឆេរអាវុធជាតិផ្ទុះ ស្រាប់តែបានប្រទះឃើញជនសង្ស័យ២នាក់ បានជិះម៉ូតូ មួយគ្រឿង ម៉ាក SUZUKI VIVA សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-9381 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចមុខសួនឃ្លាំងសាំងសូគីម៉ិច ដែលជាគោលដៅសមត្ថកិច្ចយើងកំពុងតែត្រួតពិនិត្យនោះ ក៏បានធ្វើការឆែកឆេរទៅលើជនសង្ស័យទាំង ២នាក់នោះ ស្រាប់តែបានប្រទះឃើញប្រដាប់កាច់កម៉ូតូចំនួន ១ ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួន និងយកមកប៉ុស្តិ៍ឫស្សីកែវ ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនោះ មានឈ្មោះ គង់ បូរ៉ា ហៅ លី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះ សំ ភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលេខ៣១៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ មានស្រុកកំណើតនៅភូមិបឹងដោល ឃុំបឹងដោល ស្រុកស្វាយរៀង ខេត្តស្វាយរៀង។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតីវិធីច្បាប់៕
https://youtu.be/qMSv-krLmFY
https://youtu.be/Df6CSlga3II
https://youtu.be/p9k8p0B9Cjs
មតិយោបល់