ព័ត៌មានជាតិ

ប្តីប្រពន្ធមួយគូស្រវឹង បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ: ប្តីប្រពន្ធមួយគូស្រវឹងជោកជាំ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩ កែងនិងផ្លូវ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធមួយគូ បានបើកបររថយន្តមួយគ្រឿង ម៉ាករ៉េងរូវើអ៊ីវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងស្ថានភាពស្រវឹងជោកជាំ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ២៨៩ ក្នុងល្បឿនយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ រេចង្កូតទៅខាងឆ្វេង ទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រពឹត ផ្នែកខាងមុខយ៉ាងដំណំ កៀបជាប់ជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ ដែលរងការខូចខាតវៀចបន្តិចបន្តួច។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយក៏ទាក់ទងទៅសមត្ថកិច្ច ជំនាញឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយ ទៅតាមផ្លូវច្បាប់៕

មតិយោបល់