ព័ត៌មានជាតិ

លុចស៊ីសស៊េរីទំនើប LX570 ស្លាកលេខ បើកគេចម៉ូតូ ទៅបុករបាំងថ្មពុះចែកទ្រូង រងការខូចខាត

ភ្នំពេញ: បុរសពីរនាក់បើកបររថយន្តលុចស៊ីស LX570មួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន កាច់ចង្កូតគេចពីម៉ូតូ ដែលបើកឆ្លងផ្លូវ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទេចមួយកំណាត់មុខ ទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខវិទ្យាល័យជាស៊ីមសន្ធរម៉ុក តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីបុរសជាអ្នកលក់មីឆាក្បែរកន្លែងកើត បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសពីរនាក់ បើកបររថយន្តមួយគ្រឿង ម៉ាកលុចស៊ីស LX570 ពណ៌ខ្មៅ មិនចាំស្លាកលេខ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវកម្ពុជាក្រោមយ៉ាងលឿន ។

មកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែក រថយន្តខាងលើ បើកខ្វះការប្រុងប្រយ័ត្ន ក៏បានវាក់អើ ជាមួយនិងម៉ូតូមួយគ្រឿងទៀត ម៉ាកមិនចាំម៉ាក ធ្វើដំណើរពីជើងទៅត្បូងចេញមកពីផ្លូវ២៥៣ ដែលបានបត់ស្តាំទៅផ្លូវកម្ពុជាក្រោម។

រថយន្តខាងលើ បានព្យាយាមកាច់ចង្កូតទៅខាងឆ្វេង គេចពីម៉ូតូ រួចក៏ជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយកង់ ចំណែកឯរថយន្តបង្ក បានហោះទៅគងពីរបាំងថ្មរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ភ្លាមៗនោះ គេឃើញមានបុរស៤ទៅ៥នាក់ ដែលជាគ្នីគ្នាអ្នកបើករថយន្តបង្ក បានបើករថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាកប៊ែលលី ពណ៌ស មិនចាំស្លាកលេខ មកដល់កន្លែងកើតហេតុ។ ហើយក៏បាននាំគ្នាកាច់ស្លាកលេខរថយន្តបង្ក ចេញពីរថយន្ដ នាំគ្នាឡើងជិះរថយន្តខាងលើ គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តខាងលើ។
មួយសន្ទុះក្រោយមក ក៏មានរថយន្តស្ទូចមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខនគរបាល 3-6668 ដែលមានបិទឡូហ្គោនាយកដ្ឋាននរគបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: បើកបរដោយបុរសម្នាក់ ស្លៀកពាក់ជាស៊ីវិល បម្រុងធ្វើការស្ទូចយករថយន្តបង្ក ចេញពីកន្លែងកើតហេតុ។

ភ្លាមៗនោះក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ ហាមឃាត់រថយន្តស្ទូចខាងលើ មិនឲ្យធ្វើការស្ទូច បានទាន់ពេល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏ទាក់ទងហៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់