ព័ត៌មានជាតិ

ករណីប៉ុនប៉ងមនុស្សឃាត! ផ្ទុះអាវុធ ១គ្រាប់ បុរសម្នាក់រត់ស្ទើរដាច់ជើង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់

កំពង់ចាម: សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្ត កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិតាប៉ាង១ ឃុំតាប្រុក ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ ជួន សុវណ្ណរ័ត្ន ភេទប្រុស អាយុ ២៨ ឆ្នាំ ស្នាក់នៅភូមិ ឃុំកើតហេតុ។ ជនសង្ស័យទី១.ឈ្មោះ ឈុន យូហួត ហៅ គ្រី យូហួត ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចម្ការលើ និងទី២.ឈ្មោះ ហាក់ ឡាលីន ហៅយួន ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចម្ការលើ ។

វត្ថុតាងដកហូតបាន៖ សំបកគ្រាប់កាំភ្លើងម៉ាក k54 ចំនួន ០១ ។

តាមការបំភ្លឺពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម លាយខ្មៅ ចូលមកក្នុងផ្ទះរបស់ខ្លួន ភ្លាមនោះឈ្មោះ ឈុន យូហួត ហៅ គ្រី យូហួត បានដកកាំភ្លើងខ្លីពីកាបូប ឃើញដូច្នេះខ្លួន ក៏បានរត់ទៅក្រោយផ្ទះ ហើយឈ្មោះ ឈុន យូហួត បានបាញ់ពីក្រោយ ០១គ្រាប់ តែមិនត្រូវ ធ្វើឲ្យក្បាលគ្រាប់ត្រូវជញ្ជាំងបន្ទប់ទឹក បន្ទាប់មកជនសង្ស័យទាំង ០២នាក់ បានជិះម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រកជនសង្ស័យឃើញម្នាក់ឈ្មោះ ឈុន យូហួត ហៅគ្រី យូហួត ដែលកំពុងលាក់ខ្លួននៅផ្ទះជីដូន ក្នុងភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចម្ការលើ។ លុះដល់ម៉ោង ៥ និង៥០នាទីល្ងាច សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហាក់ ឡាលីន ហៅយួន នៅនិងផ្ទះក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចម្ការលើ ខណ:ពេលដែលជនសង្ស័យ លួចចូលផ្ទះរបស់ខ្លួន ដើម្បីយកសំលៀកបំពាក់គេចខ្លួន។

មូលហេតុ៖ មានគំនុំ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់