ព័ត៌មានជាតិ

ទីតាំងសិប្បកម្មកែច្នៃឈើ និងបារីម៉ាកLigun ដែលផលិតពីកម្ទេចឈើ គ្មានច្បាប់អនុញ្ញាត ត្រូវសមត្ថកិច្ច ចុះត្រួតពិនិត្យ

ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក លោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌពោធិ៍សែនជ័យ រួមមានកម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងសន្តិសុខសាលាខណ្ឌ មន្រ្តីបរិស្ថាន អាជ្ញាធរសង្កាត់កំបូល រួមនិងមន្រ្តីពាក់ព័ន្ធផ្សេងទផត ក្រោមការសម្របសម្រួលដោយលោកអ៊ុ សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។បានចុះទៅធ្វើការត្រួតពិនិត្យត្យសិប្បកម្មកែច្នៃឈើនិងផលិតបារីម៉ាក Ligun ដែលបានផលិតពីកម្ទេចឈើ ហើយដំណឹងនេះ ត្រូវបានបែកធ្លាយពីប្រជាពលរដ្ឋលួចរាយការណ៍ជូនអាជ្ញាធរ។

សិប្បកម្មមួយនោះ គ្មានស្លាកយីហោឡើយមានទីតាំង ស្ថិតនៅក្នុងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះលាង តុងឡេង ភេទប្រុស អាយុ៣៥ឆ្នាំ និងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅត្រួតពិនិត្យ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពេលទទួលបានដំណឹងថា ទីតាំងសិប្បកម្មមួយនេះមានការកែច្នៃឈើ និងផលិតបារីម៉ាក Ligun ពីកម្ទេចឈើកម្លាំងចម្រុះខាងលើបានចុះទៅការធ្វើការត្រួតពិនិត្យជាក់ស្ដែង និងសួររកលិខច្បាប់អនុញ្ញាតផ្សេងៗទៀតផងដែរ ព្រោះថាបារីជាវត្ថុបំផ្លាញដល់សុខភាពអ្នកជក់ ហើយថែមទាំងការផលិតចេញពីកម្ទេចឈើថែមទៀត នោះវារឹងរឹតតែប៉ះពាល់ដល់សុខភាពអ្នកជក់កាន់តែខ្លាំងថែមទៀតហើយ។

លុះពេលចុះទៅដល់ក្នុងទីតាំងសិប្បកម្មនោះ ឃើញនៅផ្នែកខាងមុខមានម៉ាស៊ីនអារឈើ និងកែច្នៃឈើ សម្រាប់ផ្គត់ផ្គង់តាមការដ្ឋានសំណង់ ហើយឈើដែលកំពុងធ្វើការកែច្នៃនោះ គឺជាប្រភេទកាស្យានិងប្រេងខ្យល់ រីឯនៅផ្នែខាងក្រោយមានម៉ាស៊ីនផលិតបារីម៉ាកLigun។

ប្រភពដដែលបានបន្តថា ក្រោយពីការត្រួតពិនិត្យបានរកឃើញថា ទីតាំងមួយនេះធ្វើអាជីវកម្ម ដោយគ្មានច្បាប់អនុញ្ញាតឡើយ ហើយបានយកកម្ទេចឈើទៅលាយជាមួយថ្នាំជក់ផលិតចេញជាបារី ដូចដំណឹងដែលទទួលបានមែន។ មិនតែប៉ុណ្ណោះការធ្វើអាជីវកម្ម ដោយខុសច្បាប់ និងគ្មានច្បាប់អនុញ្ញាតនេះ មានរយៈពេលយូរមកហើយ ទើបតែត្រូវបានបែកធ្លាយនាពេនេះ ប៉ុន្តែខណៈដែលកម្លាំង ចុះទៅដល់មិនបានឃើញម៉ាស៊ីនសង្វាក់ផលិតកម្មផលិតបារីនេះ ដំណើរការទេ ចំណែកម៉ាស៊ីនកែច្នៃឈើនៅដំណើការ។

ដោយឡែកម្ចាស់ទីតាំងសិប្បកម្មនោះ បាននិយាយថា កន្លងមកគាត់បានជួលទីតាំងនេះ ទៅឲ្យជនជាតិចិនម្នាក់បើកសិប្បកម្ម ប៉ុន្តែជួលបានត្រឹមត១ខែប៉ុណ្ណោះ ជនជាតិចិនខាងលើក៏ឈប់ជួលទៅវិញ ។ ចំណែកឯការផលិតបារីក៏បានផ្អាកដែរ ចំណែកខាងសិប្បកម្មកែច្នៃឈើ ក្រោយពេលជនជាតិចិនឈប់ដំណើរការ ត្រូវបានគាត់ដែលជាម្ចាស់ទីតាំងយកដំណើរការជាបន្ត រហូតមកដល់ពេលនេះ ដែលទើបបានរយៈពេល៣ខែប៉ុណ្ណោះ ។

ក្រោយការត្រួតពិនិត្យឃើញស្ថានភាពជាកស្ដែងហើយនោះ កម្លាំងសមត្ថកិច្ចខាងលើ បានផ្អាកអាជីវកម្មសិប្បកម្មមួយនេះ ជាបណ្ដោះអាសន្ន ដោយឲ្យម្ចាស់ទីតាំងសុំច្បាប់អនុញ្ញាតឲ្យ បានត្រឹមត្រូវទើបអនុញ្ញាតឲ្យបើកដំណើរការកែច្នៃឈើបន្តទៀត យ៉ាងណាមិញ សមត្ថកិច្ចមិនបានដកហូតសម្ភារៈអ្វីមួយ ពីក្នុងសិប្បកម្មមួយនេះឡើយ៕

មតិយោបល់