ព័ត៌មានជាតិ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទអាជីវកម្មសិប្បកម្មដែកផលិតដងសន្ទូច និងទីតាំងលក់ទិញអេតចាយកែច្នៃជ័រអត់ច្បាប់២កន្លែង

ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងលោកសើន កែវវណ្ណធី មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បានចុះបិទអាជីវកម្មសិប្បកម្មដែកផលិតដងសន្ទូច១កន្លែង ទីតាំងលក់-ទិញអេតចាយ និងកែច្នៃជ័រអត់ច្បាប់១កន្លែង ដែលកំពុងដំណើរការគ្មានច្បាប់អនុញ្ញាត។

ការចុះបិទនោះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ហើយទីតាំងសិប្បកម្មផលិតដងសន្ទូច និងលក់ទិញអេតចាយនោះ ស្ថិតនៅក្នុងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា សិប្បកម្មដែកខាងលើយីហោ «នូវធារី» ដែលមានម្ចាស់ឈ្មោះ នូវ ធារី អាយុ៤០ឆ្នាំ អាស័យដ្ឋានផ្ទះលេខ 206k ផ្លូវ 62 R ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបើកដំណើរការធ្វើអាជីវកម្មផលិតដងសន្ទូច សម្រាប់ស្ទូចទូកុងតឺន័រ និងសម្ភារៈធ្ងន់ៗផ្សេងៗទៀត ហើយបើករយៈពេលយូរមកហើយ ដោយគ្មានច្បាប់អនុញ្ញត្រឹមត្រូវឡើយ ដែល ការរកស៊ីនេះ គឺចាត់ទុកថា ធ្វើឡើងដោយខុសច្បាប់ថែមទៀតផង។ មិនតែវប៉ុណ្ណោះអ្នករកស៊ីមួយនេះ បានចាត់ទុកអាជ្ញាធរដូចជាទីងមោង និងស្មានថា គ្មាននរណាដឹង ទើបបើកសិប្បកម្មអត់សុំច្បាប់បែបនេះ ប៉ុន្តែទោះជាបែបណា មិនអាចលាក់បាំងបានឡើយ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលឈានដល់ការចុះបិទផ្អាកអាជីវកម្ម កម្លាំងបានធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកទីតាំងរោងចក្រ និងសិប្បកម្មដែលបានកំពុងធ្វើអាជីវកម្ម នៅក្នុងមូលដ្ឋានខណ្ឌ។ ខណៈនោះបានរកឃើញសិប្បកម្មដែកខាងលើបើក កំពុងដំណើរការផលិតដងសន្ទូចដោយគ្មានច្បាប់ ទើបកម្លាំងចុះទៅធ្វើការបិទផ្អាកអាជីវកម្មជាបណ្ដោះអាសន្នសិន។ មិនតែប៉ុណ្ណោះកម្លាំងបានដកហូតយកសម្ភារៈបម្រើឲ្យសិប្បកម្មនោះមួយចំនួនដូចជាប៉ុស្តិ៍ផ្សា ម៉ាស៊ីនកាត់ដែកជាដើម យកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបន្តថា ក្រៅពីសិប្បកម្មដែកខាងលើ កម្លាំងបានរកឃើញទីតាំងឃ្លាំងលក់-ទិញអេតចាយ និងកែច្នៃជ័រមួយកន្លែងទៀត ដែលគ្មានច្បាប់អនុញ្ញាត និងស្ថិតនៅក្បែរគ្នានោះដែរ ហើយនេះ មានម្ចាស់ឈ្មោះ វង សាយ ភេទប្រុស ។ ខណៈនោះកម្លាំងបានសម្រេចបិទអាជីវកម្មផងដែរ ព្រោះម្ចាស់ទីតាំង មិនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ហើយទីតាំងអេតចាយនេះ ងាយនិងមានហានិភ័យកើតឡើងជាយថាហេតុបំផុត ដែលនាំឲ្យប៉ះពាល់ដល់ អ្នកជិតខាងចៀសមិនផុតឡើយ។

ក្រោយបិទផ្អាកអាជីវកម្មទីតាំងសិប្បកម្មដែក និងឃ្លាំងអេតចាយទាំង២ខាងលើ កម្លាំងគណៈបញ្ជាការឯកភាព ខាងលើ មិនបានឃាត់ខ្លួនម្ចាស់នោះឡើយ គឺទុកពាលឲ្យពួកគេឡើង ទៅសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ ទើបឲ្យបើកដំណើរការតទៅទៀត៕

មតិយោបល់