ព័ត៌មានជាតិ

លួចទូរស័ព្ទគេត្រូវកំលាំងកងរាជអាវុធឃាត់ខ្លួន

បន្ទាយមានជ័យៈ នៅវេលាម៉ោង ១២ និង ៤២នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមណ្ឌល៨ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីលួចទូរស័ព្ទដែលប្រព្រឹត្តកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចលើរថយន្តក្រុងពីក្រុងប៉ោយប៉ែត ទៅរាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សន ជូរ ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទៅលំនៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុខ្លួនបានជិះរថយន្តក្រុងពីប៉ោយប៉ែត ទៅរាជធានីភ្នំពេញ នៅលើរថយន្តក្រុងខ្លួនបានគេងលក់ លុះភ្ញាក់ពីគេង ក៏បាត់ទូរស័ព្ទរកមិនឃើញ ទើបមកប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍តែម្តង ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីកំណត់មុខសញ្ញាជនសង្ស័យ កម្លាំងជំនាញបានកោះហៅមកធ្វើការសាកសួរ ក្រោយពីធ្វើការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានយកទូរស័ព្ទរបស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យខាងលើអាចត្រូវចោទពីបទ លួចទូរស័ព្ទ។ បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

មតិយោបល់