ព័ត៌មានជាតិ

បន្លំយកស្រាមួយដបពីផ្សារទំនើបឡាក់គី សុវណ្ណា រត់ដល់ស្ពានអាកាស ទើបសន្តិសុខចាប់បាន

ភ្នំពេញៈ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខផ្សារសុវណ្ណាដេញតាមចាប់រហូតស្ពានអាកាសស្ទឹងមានជ័យទើបឃាត់ខ្លួនបាន បន្ទាប់ពីបន្លំខ្លួនចូលទៅលួចស្រាក្នុងផ្សាទំនើបឡាក់គី សុវណ្ណា កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ។ ជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះទេ មានអាយុជាង៤០ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។

បុគ្គលិកធ្វើការនៅផ្សារទំនើបឡាក់គី សុវណ្ណា បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យរូបនោះបានចូលទៅក្នុងផ្សារធ្វើជាដើរមើលទំនិញចុះឡើងៗ រួចហើយបានដើរទៅកន្លែងលក់ស្រារួចបន្លំលួចយកស្រាម៉ាក Red Label ដបតូចមួយដបដាក់ចូលក្នុងខោ ហើយបានដើរចេញមកក្រៅយ៉ាងលឿន ឃើញដូច្នេះពួកគាត់បានឲ្យសន្តិសុខដេញតាមជនសង្ស័យរហូតដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យទើបចាប់ជនសង្ស័យរូបនោះបាន រួចក៏នាំខ្លួនជនសង្ស័យទៅសាកសួរនៅកន្លែងកើតហេតុ ។

នៅពេលសាកសួរ ឃើញថា ជនសង្ស័យរូបនោះមានសតិមិនប្រក្រតី និយាយវង្វេងវង្វាន់ ពួកគេក៏បានធ្វើការអប់រំណែនាំ ហើយក៏បានឲ្យជនសង្ស័យយរូបនោះត្រឡប់ទៅផ្ទះវិញទៅ ៕

មតិយោបល់