ព័ត៌មានជាតិ

រថយន្តនីសាន់ ពន្លះម៉ូតូមួយគ្រឿង របួសធ្ងន់ ២នាក់ នៅស្រុកត្រាំកក់

តាកែវ: កាលពីវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ១៩-២០ ក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ (ក្នុងទិសដៅបញ្ច្រាសទិសគ្នា)។

រថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-0435 បើកបរដោយឈ្មោះ ឡេង វណ្ណដា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើដំណើរពីទិសខាងកើត មកដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-2591 បើកបរដោយឈ្មោះ ម៉ាំ ម៉ុម ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) មានឌុបមនុស្សពីរនាក់ពីក្រោយ ទី១.ឈ្មោះ អ៊ុន សែ ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរកសិករ នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) និងទី២.ឈ្មោះ ឡេវ ភេទប្រុស អាយុ២ឆ្នាំ មុខរបរក្នុងបន្ទុក នៅភូមិឃុំជាមួយគ្នា (គ្មានរបួស) ធ្វើដំណើរពីទិសខាងលិច ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអង្គការ។

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះមកដល់ ធ្វើការវាស់វែង យកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់