ព័ត៌មានជាតិ

មន្រ្តីនគរបាលផ្នែកចរាចរណ៍សណ្តាប់សាធារណៈម្នាក់ ស្រវឹងស្រា បើកលុចស៊ីស បុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅច្រកចូលសាលារចនា និងវិចិត្រសិល្បៈ

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តមួយគ្រឿងបោះពួយលឿន ទៅកៀរនិងរបាំងថ្មពុះចែកទ្រូង បណ្ដាលឲ្យវៀចអស់មួយកង់ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលើច្រកចូលសាលារចនា និងវិចិត្រសិល្ប: តាមបណ្ដាលផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៧ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ មិនស្គាល់ឈ្មោះគ្រាន់តែដឹងថា ជាមន្ត្រីនគរបាលផ្នែកចរាចរណ៍សណ្តាប់សាធារណ: នៃស្នងការដ្ឋានការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកបររថយន្តមួយគ្រឿង ម៉ាកលុចស៊ីស RX300 ពណ៌ស្ករ ភ្នំពេញ 2AD-0931 ក្នុងស្ថានភាពស្រវឹងជោកជាំ ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ក្នុងល្បឿនយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ បានរេចង្កូតជ្រុលទៅខាងឆ្វេងដៃ ទៅកៀរនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចអស់មួយកង់ ចំណែកឯរថយន្តបង្ក រងការខូចខាតបែកកង់ខាងមុខចំហៀងឆ្វេង ទៅមុខលែងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ហើយក៏ទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែងស្ទូច យករថយន្តខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

មតិយោបល់