ព័ត៌មានជាតិ

លោះព្រលឹងអស់ហើយ!! ជាន់ហ្គែរច្រឡំថាហ្រ្វាំងមានអីហោះទៅបុកផ្ទះគេ

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ ជាន់ហ្គែរច្រឡំថាហ្រ្វាំង បណ្ដាលឲ្យជ្រុលទៅផ្ទះប្រជាពលរដ្ឋរបួសធ្ងន់ស្រ្ដីម្នាក់ ហេតុការណ៍នេះ ស្ថិតនៅមុខអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក កាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-0754 បើកបរដោយបុរសម្នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) និងអ្នករួមដំណើរ៤ទៅ៥នាក់ ជាលក្ខណ:ក្រុមគ្រួសារ។

យោងតាមប្រភពពីអ្នកបើកបររថយន្ត បានឲ្យដឹងថា មូលហេតុបង្កគ្រោះថ្នាក់នេះឡើង គឺបណ្ដាលមកពីគាត់បើកគេចរថយន្ត១គ្រឿង ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា ភ័យពេកក៏ជាន់ហ្រ្វាំងច្រឡំជាន់ហ្គែរទៅវិញ ធ្វើឲ្យរថយន្តមានល្បឿនលឿនស្ទុះទៅបុកផ្ទះគេតែម្ដង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាហើយមួយសន្ទុះ ក្រោយមកទើបភាគីខាងរថយន្តបង្កព្រមចេញថ្លៃខូចខាតទ្រព្យសម្បត្តិរបស់ភាគីខាងម្ចាស់ផ្ទះទាំងស្រុង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។

សូមបញ្ជាក់៖ ស្រ្ដីរងរបួសធ្ងន់គឺភរិយារបស់អ្នកបើកបរ៕

មតិយោបល់