ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! រកឃើញ ដុំខ្នរ មី ទឹកម្ទេស ខូចគុណភាព

ប៉ៃលិន: យោងតាមផេកអគ្គិនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន ដោយមានការចូលរួមសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យផលិតផលទំនិញវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅផ្សារប៉ាងលឹម ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ។ គោលបំណងនៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន រួមមាន៖
-តែដប ៤០ ដប ស្មើនឹង ១៤,៤ គីឡូក្រាម
-ទឹកម្ទេស ១៣ ដប ស្មើនឹង ៩,៣៦ គីឡូក្រាម
-មី ១៩ កញ្ចប់ ស្មើនឹង ១,១៤ គីឡូក្រាម
-កម្ទេចមី ១៩ កញ្ចប់ធំ ស្មើនឹង ៣,១០ គីឡូក្រាម
-ដុំខ្នរ ២២ ដុំ ស្មើនឹង ០,៥ គីឡូក្រាម
សរុបចំនួន ៥៣,៥០ គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទំនិញទាំងនោះ យកមករក្សាទុកនៅស្នាក់ការ ដើម្បីចាត់ចែងតាមនីតិវិធី។ ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់