ព័ត៌មានជាតិ

រថយន្ត ៦គ្រឿងបុកបន្តកន្ទុយគ្នា ខូចខាតធ្ងន់ ៣គ្រឿង និងបណ្ដាលឲ្យបុរសម្នាក់របួសជើងម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ២និង០៥នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវវេងស្រេង មុខផ្សារចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តចំនួន ៦គ្រឿង បើកបុកបន្តកន្ទុយគ្នា ក្នុងនោះមានរថយន្តចំនួន ៣គ្រឿង រងខូចខាតធ្ងន់ អ្នកបើកបរម្នាក់រងរបួសជើង បណ្ដាលឲ្យដងផ្លូវកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

យោងតាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តទី១/ ខាងមុខគេម៉ាក សាំយ៉ុង មិនចាំស្លាកលេខ ក្រោយកើតហេតុខូចតិចតួច បានបើកចេញទៅបាត់ ទី២/ រថយន្តម៉ាក ស្តារិច ពណ៌ស ម្ចាស់ដោះស្លាកលេខមុខក្រោយទុកបាត់អស់ហើយ ដឹកខោអាវរោងចក្រ ទី៣/ រថយន្ត កុងតៃន័រ ម៉ាក ហ៊ីយ៉ាន់ ពណ៌ប្រផេះ ឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-0204 ទី៤/ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 2H-7221 ដឹកគ្រោងទ្វារ រងរបួដព្រូរថយន្ត ទី៥/ រថយន្តម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-3079 និងទី៦/ រថយន្តបង្កតែម្តង ម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លប់ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3703 អ្នកបើកបររត់គេចខ្លួនបាត់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា មុនកើតហេតុ ខណ:ដែលដងផ្លូវខាងលើ កំពុងកកស្ទះចរាចរណ៍ រថយន្តទាំង៦គ្រឿង បានបើកពីត្បូងទៅជើង រថយន្តទី១ ម៉ាកសាំយ៉ុង ឈប់ពីក្រោយ រថយន្តជាបន្តបន្ទាប់ តាមបញ្ជានគរបាលកំពុងធ្វើចរាចរណ៍ ចំណុចរង្វង់មូលចោមចៅ ស្របពេលដែលរថយន្តខាងមុខ ឈប់ និងបង្អង់ល្បឿនរៀបឈប់ បន្តកន្ទុយគ្នា ស្រាប់តែរថយន្តបង្ក ទី៦ ម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លប់ ដឹកទំនិញ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3703 បើកពីត្បូងទៅជើងស្របទិស លឿនជ្រុលទៅបុករុញជាបន្ទាប់គ្នាតែម្តង បណ្តាលឲ្យរថយន្ត ៣គ្រឿង ខូចខាតធ្ងន់ របួសជើងម្នាក់ ចំណែករថយន្ត២គ្រឿង សាំយ៉ុងមួយគ្រឿង ខូចខាតស្រាល បានបើកចេញទៅបាត់ រថយន្ត កាមរីបាឡែន ខូចខាតស្រាល បែកដាច់ កាងក្រោយ និងរថយន្ត កុងតៃន័រ ខូចខាតស្រាល ។

ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបង្ក ឃ្លប់ បានចុះគេចខ្លួនបាត់ ទុកតែរថយន្តនៅកន្លែងកើតហេតុ បណ្ដាលឲ្យកកស្ទះចរាចរណ៍ សមត្ថកិច្ចចុះទៅដល់ទីតាំង​ ដើម្បីសម្រួលចរាចរណ៍ និងបាញ់ថ្នាំចំណាំ យករថយន្តចេញដាក់កៀនខាង
នៅសល់តែរថយន្តចំនួន ៥គ្រឿង សមត្ថកិច្ចទុកឲ្យឱកាស ឲ្យភាគីតំណាងទាំងអស់និយាយសម្របសម្រួលគ្នាមួយជំហានសិន ក្នុងករណីមិនត្រូវគ្នា សមត្ថកិច្ចនាំរថយន្តទាំងអស់ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមនីតិវិធី៕

មតិយោបល់