ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ត្រូវម្ចាស់តាមទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្ដាលៈ សមត្ថកិច្ច បានឃាត់ខ្លួនជានសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម (លួចម៉ូតូ) ប្រព្រឹត្តកាលពីម៉ោង៧ និង០០នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ចំរ៉ុម ម៉ាលី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។ ជនសង្ស័យ០២ នាក់៖ ទី១.ឈ្មោះ សុខ លី ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ទទួលបញ្ចាំម៉ូតូ (ឃាត់ខ្លួន) និងទី២.ឈ្មោះ ប៊ិន ជឿន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (គេចខ្លួន)។

វត្ថុតាងចាប់យក៖
– ម៉ូតូ ០១ គ្រឿងម៉ាក ហុងដាហ្ស៊ូមមើអិច១១០ ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 1FJ-0879 លេខតួMLHJF7- 3828F 5141482 និងលេខម៉ាស៊ីនJE3828E 0141482
– កាង ម៉ូតូ០១ ជនសង្ស័យដោះចេញ
– កាត់តាប៊ូមុខ០១ ជនសង្ស័យដោះចេញដូថ្មី។
– ស្លាកលេខថ្មី០១របស់ជនសង្ស័យ ចាប់ជាប់ម៉ូតូជនរងគ្រោះ កំពត 1C-1011

ដំណើររឿង៖ ជនរងគ្រោះ បានទុកម៉ូតូនៅខាងមុខផ្ទះជនសង្ស័យ ដោយម៉ូតូខូចជិះមិនកើត លុះមកដល់ពេលកើតហេតុ ស្រាប់តែបាត់ពុំឃើញម៉ូតូ ពេលនោះសង្ស័យថា មានចោរលួច។
បន្ទាប់មកជនរងគ្រោះ បានតាមដានស្វែងរកដោយខ្លួនឯង រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៨ និង០០នាទី ទើបជនរងគ្រោះ បានប្រទះឃើញម៉ូតូរបស់ខ្លួន នៅចំណុចផ្ទះឈ្មោះ សុខ លី ភ្លាមៗនោះជនរងគ្រោះ បានរាយការណ៍មកកាន់នគរបាលប៉ុស្ដិ៍សំពៅពូនតែម្ដង ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅធ្វើការស្រាវជ្រាវ រួចបានធ្វើការឃាត់ខ្លួនជនសង្ស័យ សុខ លី រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ បញ្ជូនមកកាន់អធិការនគរបាលស្រុក ដើម្បីចាត់តាមនីតិវិធី៕

មតិយោបល់