ភ្នំពេញៈ ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកបេតុងបើក បត់ឆ្លងផ្លូវទៅបុកម៉ូតូស្កុបពី គ្រាដែលនាំគ្នាវិលមកពីស្រុក កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ជនរងគ្រោះទី១ឈ្មោះ ស៊ុ សាវ៉េត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ទួលរកា ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង (ស្លាប់) និងទី២ របួសស្រាល ឈ្មោះរឿន វិល័យ ភេទស្រី អាយុ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅជាមួគ្នា មានស្រុកកំណើតភូមិ ឃុំជាមួយគ្នា ។
ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-6576 ជាមធ្យោបាយ ។ ចំណែករថយន្តបង្ក ម៉ាក FUSO ពណ៌ស ពាក់ស្លាក ភ្នំពេញ 5A-2349 ជារថយន្តដឹកបេតុង ក្រុមហ៊ុនដ្រេហ្គន សុធី បើកបរដោយឈ្មោះ អិន ឆេងហ័ន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបររថយន្តដឹកបេតុង មានទីលំនៅ ភូមិកន្ទោងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ដំណើររឿង៖ មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា តាំងពីស្រុកកំណើត ក្នុងបំណង មកផ្ទះជួលនៅសង្កាត់ចោមចៅ៣វិញ ធ្វើដំណើរកាត់តាមផ្លូវហាណូយ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកពីត្បូងទៅជើង ហើយបត់ឆ្លងផ្លូវ មកបុកម៉ូតូទាំងកំរោល កិនស្ត្រីរងគ្រោះម្នាក់ស្លាប់មួយរំពេច។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ស្លាកស្នាមរួច សពប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងម៉ូតូ រួមជាមួយអ្នកបើកបររថយន្ត សមត្ថកិច្ចនាំយកទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់