ព័ត៌មានជាតិ

ម្ចាស់រថយន្តប្រតិកម្មនឹងស្ថានីយថ្លឹង ខេត្តកំពង់ធំ ឃាត់រថយន្ត១២គ្រឿង

កំពង់ធំៈ ប្រជាពលរដ្ឋ និងសាធារណជន សុទ្ធតែបានមើលឃើញថា ផ្លូវលំ ឬផ្លូវកៅស៊ូ ដែលជាសមិទ្ធរបស់រាជរដ្ឋាភិបាល ដែលបានកសាងឡើង ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ និងបានធ្វើឲ្យ ប្រជាពលរដ្ឋ មានការត្រេកអរជាខ្លាំង ប៉ុន្តែផ្លូវទាំងខ្លះមិនទាន់បានប៉ុន្មានផង ត្រូវបានបំផ្លាញទៅវិញភ្លាមៗ ដោយរថយន្តធុនធំផ្ទុកលើកទម្ងន់។ ប្រជាពលរដ្ឋសុទ្ធតែចង់ឲ្យស្ថាប័ន ជំនាញរឹតបន្តឹងក្នុងការអនុវត្តន៍ច្បាប់ការពារផ្លូវ ដែលជាប្រយោជន៍សាធារណៈ ប៉ុន្តែកន្លងមក មិនដែលឃើញស្ថាប័នជំនាញអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ និងមានតម្លាភាពនោះទេ។

ជាក់ស្ដែង នៅម៉ោង១រំលង អធ្រាត្រឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ រថយន្តផ្ទុកលើសទម្ងន់១២គ្រឿង ត្រូវបានសមត្ថកិច្ចនៅស្ថានីយថ្លឹងរថយន្តផ្ទុកលើសទម្ងន់ខេត្តកំពង់ធំ បានឃាត់ទុករហូតដល់ម៉ោង១០ព្រឹក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ដែលធ្វើឲ្យម្ចាស់រថយន្តមានប្រតិកម្មថា កន្លងមក គឺស្ថានីយនេះ មិនដែលឃាត់នោះទេ ដោយគ្រាន់តែជូនថ្លៃបាយទឹកៗតែប៉ុណ្ណោះ ហើយមិនថា ដឹកប៉ុន្មាននោះទេ គឺថ្លៃបាយទឹកនេះ ចំនួន១៥ម៉ឺនរៀល ក្នុងរថយន្ត១គ្រឿង ទើបតែពេលនេះ គឺឃាត់រថយន្តពួកគាត់ ដោយមិនមានការជូនដំណឹងជាមុន ព្រោះមុនចេញមក គឺពួកគាត់បានទូរស័ព្ទមកសួរ។ គេថា ឲ្យមកបាន ទើបពួកគាត់មក តែពេលមកដល់ក៏ឃាត់តែម្ដង ហើយនិយាយថា ខាងក្រសួងគេចុះមក។ ម្ចាស់រថយន្តផ្ទុកលើសទម្ងន់ទាំងនេះ បន្តថា ឥឡូវ ពួកគាត់មិនថាទេ ឃាត់ផាកពិន័យក៏ផាកចុះ ប៉ុន្តែសុំឲ្យបន្ធូរបន្ថយ ហើយធ្វើឲ្យរួសរាន់ ដើម្បីកុំឲ្យដំឡូងរបស់គាត់ខូច។

គួរបញ្ជាក់ថា រថយន្តធុនធំផ្ទុកលើសទម្ងន់១២គ្រឿង ដែលសមត្ថកិច្ចស្ថានីយថ្លឹងរថយន្តដឹកលើសទម្ងន់ឃាត់នេះ មានរថយន្តដំឡូងមី ដឹកខ្សាច់ ស្រូវ និងឈើ។

លុះនៅម៉ោង១០ព្រឹក ថ្ងៃទី៣ ខែមិថុនានេះ ប្រធានមន្ទីរសាធារណការ លោក ជូ កូឡា បានអញ្ជើញទៅដល់ស្ថានីយថ្លឹងរថយន្តដឹកលើសទម្ងន់ នៅឃុំប្រាសាទ ស្រុកសន្ទុកនេះ ដោយពន្យល់ម្ចាស់រថយន្តដឹកខុសច្បាប់ទាំងនោះថា ការជូនដំណឹង និងផ្សព្វផ្សាយច្បាប់ ពីរថយន្តផ្ទុកលើសទម្ងន់នេះ គឺធ្វើយូរណាស់មកហើយ ហើយលោកមិនអាចបន្ធូរបន្ថយការផាកពិន័យខុសពីច្បាប់កំណត់នោះទេ។

លោក ជូ កូឡា បានអំពាវនាវឲ្យម្ចាស់រថយន្តធុនធំផ្ទុកលើសទម្ងន់ទាំងអស់ សូមជួយចូលរួមថែរក្សាសម្បត្តិជាតិ តួយ៉ាងផ្លូវជាតិលេខ៦នេះ គឺធ្វើជិតរួច១០០%ហើយ សូមជួយចូលរូមថែរក្សាទាំងអស់គ្នា។

ប្រជាពលរដ្ឋបានសម្ដែងការគាំទ្រការអនុវត្តច្បាប់របស់សមត្ថកិច្ចរបស់មន្ទីរជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនេះ ដើម្បីការពារផលប្រយោជន៍សាធារណៈ កុំឈ្មួញបំផ្លាញជាតិ បំពេញមហិច្ឆតាបុគ្គល និងបក្ខពួកនោះ៕

dd1d2d3h

មតិយោបល់