ព័ត៌មានជាតិ

អាសូរណាស់..! ក្មេងស្រីអាយុ ២ឆ្នាំម្នាក់ ត្រូវរថយន្តកៀរធ្លាក់ពីលើម៉ូតូ បណ្ដាលឲ្យរថយន្តមួយគ្រឿងទៀត មកពីក្រោយជាន់ស្លាប់ភ្លាមៗ

កណ្ដាល: នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

១/ជនរងគ្រោះមានឈ្មោះ សាន ស្រីឡែន ភេទស្រី អាយុ ២ឆ្នាំ (ស្លាប់) ២/ឈ្មោះ ហេង ស្រីល័ក្ខ ភេទស្រី អាយុ ២៦ឆ្នាំ (របួសធ្ងន់) ៣/ឈ្មោះ សាន សៀប ភេទប្រុស អាយុ ២៧ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1N-2310 ទាំង ៣នាក់ មានទីលំនៅភូមិភូមិសំបួរ ឃុំកណ្ដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-6669 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល) ។

សភាពរឿងហេតុ៖ មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមានគ្នា ៣នាក់ ខណ:កំពុងធ្វើដំណើរស្របទិសគ្នា ស្រាប់តែមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បើកមកប៉ះកៀរ ម៉ូតូបណ្ដាលឲ្យអ្នករួមដំណើរពីក្រោយធ្លាក់ រំពេចនោះក៏មានរថយន្ត១គ្រឿងទៀត ម៉ាក តូយូតាហៃយ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-5362 បើកបរដោយឈ្មោះ ដៀប សុគា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង/ខេត្តស្ទឹងត្រែង (ឃាត់ខ្លួន) បើកមកពីក្រោយឈប់មិនទាន់ក៏ជាន់ស្លាប់ក្មេងស្រីអាយុ ២ឆ្នាំយ៉ាងអាណោចអធ័ម។

មូលហេតុ៖ ប៉ូលិសសន្និដ្ឋានថា អ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះជួយធ្វើអន្តរាគមន៍ ហៅរថយន្តសង្គ្រោះដឹកបញ្ជូននារីរងគ្រោះរបួសធ្ងន់ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯសព ត្រូវប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាង ត្រូវបាននគរបាលចរាចរណ៍ស្រុក យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់