ព័ត៌មានជាតិ

យុវជន ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីប្រើប្រាស់អាវុធ និងជួញដូរ…

បន្ទាយមានជ័យ: នៅវេលាម៉ោង ៥និង៣០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ-ប្រើប្រាស់នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ ត្រង់ចំណុចម្តុំកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទី១មានឈ្មោះ អ៊ុច សារ៉េច ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី២ឈ្មោះ អិន ឈិនអ៊ី ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

យោងតាមប្រភពពីលោក អ៊ុ សាខន បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៣និង០០នាទី លោកបានទទួលព័ត៌មានស្តីពីករណី ជួញដូរ-ប្រើប្រាស់នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់ នៅចំណុចកើតហេតុខាងលើ ដោយមានការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត លោកក៏ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗ នៅនឹងកន្លែងតែម្តង។

វត្ថុតាងដកហូតរួមមាន៖
-គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ០៩ថង់ ស្មើ ១៥.០៣ក្រាម
-គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ០៨ថង់ ស្មើ ១០.០៨ក្រាម
-កាំបិតស៊ាំម៉ូរ៉ៃ ចំនួន ០១ដើម ។

ក្រោយឃាត់ខ្លួន និងចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

សូមបញ្ជាក់៖ បន្ទាប់ពីលោក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ជនសង្ស័យខាងលើសារភាពថា ខ្លួនពិតជាបានជួញដូរ ប្រើប្រាស់នូវសារធាតុញៀន និងអាវុធដោយខុសច្បាប់ប្រាកដមែន ផ្អែកលើចម្លើយសារភាព និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែន រួមជាមួយវត្ថុតាងជនស្ស័យអាចត្រូវចោទពីបទ
ជួញដូរ-ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងប្រើប្រាស់អាវុធខុសច្បាប់ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

មតិយោបល់