ភ្នំពេញៈ មកទល់ពេលនេះ គេឃើញលោក ប៉ែន ចំរ៉ុង និងក្រុមគ្រួសារកាន់តែស្ពឹកមុខហួសពីស្មាន បន្ទាប់ពីតារាសម្ដែង ភិន សុដាលីស ចេញមុខបកអាក្រាត។ ជាមួយនឹងការការពារមុខមាត់កូនស្រី លោក អ៉ិន ក៏បានប្រកាសថា ខ្លួននឹងត្រៀមមេធាវី ប្រសិនបើ ប៉ែន ចំរ៉ុង វាយបកកូនស្រី ដែលជាការតបតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កូនស្រី នៅបន្ទាប់ពីរឿងរ៉ាវគ្រួសារមួយនេះកាន់តែឡើងកម្ដៅខ្លាំងនោះផងដែរ។
លោក អ៉ិន ឲ្យ Post News ដឹងថា ក្រោយឃើញកូនស្រីលាតត្រដាងការពិត កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ បានធ្វើឲ្យលោកកាន់តែច្បាស់ពីទង្វើមិនទទួលខុសត្រូវរបស់លោក ប៉ែន ចំរ៉ុង ខ្លាំងឡើងថែមទៀត។ លោក អ៉ិន បញ្ជាក់ថា ចាប់តាំងពីកូនស្រីរបស់លោកត្រឡប់ចូលផ្ទះវិញ លោកមិនសូវបានជជែក និងបានដឹងរឿងពាក់ព័ន្ធរបស់កូនស្រី និងអតីតស្វាមីនោះទេ។ ប៉ុន្តែតាមរយៈសន្និសីទកាសែតដែលនាងបានធ្វើ គឺលោកកាន់តែមានអារម្មណ៍ខ្លោចចិត្ត នៅពេលដែលកូនស្រីរបស់លោក បែរជាត្រូវជាន់ឈ្លីទាំងផ្លូវកាយ ផ្លូវចិត្ត និងកិត្តិយស។ លោកថា ខ្លួនមិនខ្លាចចំពោះការវាយបកដោយការលាបពណ៌ណាមួយចំពោះ ភិន សុដាលីស នោះទេ ប៉ុន្តែឲ្យតែលោកដឹងថា អ្វីដែល ប៉ែន ចំរ៉ុង នឹងលើកឡើងនោះ មិនពិត គឺលោកនឹងប្ដឹងឲ្យ ប៉ែន ចំរ៉ុង អស់ផ្លូវតែម្ដង។
«ឥឡូវនឹង ខ្ញុំកំពុងចង់ឲ្យវា (ប៉ែន ចំរ៉ុង និងបងប្រុស) ចេញមុខនិយាយអីតបតនឹងកូនខ្ញុំ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា វាខ្លាំងប៉ុណ្ណា គឺខ្ញុំនឹងប្ដឹងវាប៉ុណ្ណឹង ចឹងឲ្យវាប្រយ័ត្នពាក្យសម្ដី បើចង់វាយបកកូនខ្ញុំ ព្រោះខ្ញុំអត់រលត់កំហឹងទេ ដែលវាមើលងាយកូនខ្ញុំ និងធ្វើបាបកូនខ្ញុំដល់ថ្នាក់នឹង!»។ លោក អ៉ិន បញ្ជាក់។
ឪពុក ដាលីស បន្ថែមថា ប៉ែន ចំរ៉ុង នឹងជាប់ពីបទបរិហាកេរ្តិ៍ ប្រសិនបើចេញមុខវាយបកចំពោះកូនស្រី បន្ទាប់ពីកូនស្រីរបស់ខ្លួន ទើបតែចេញមុខបកអាក្រាតអាថ៌កំបាំងរបស់លោកជាសាធារណៈ។ លោកថា ប៉ែន ចំរ៉ុង មានសិទ្ធិប្ដឹង ភិន សុដាលីស ពាក់ព័ន្ធនឹងអ្វីដែលនាងបានទម្លាយចេញ ប៉ុន្តែលោកក៏ត្រៀមប្ដឹងពី ប៉ែន ចំរ៉ុង ឲ្យអស់ផ្លូវដើរដូចគ្នា ដោយសារតែនៅក្នុងបណ្ដឹង គឺលោក ប៉ែន ចំរ៉ុង បានចោទកូនស្រីរបស់ខ្លួនច្រើនករណី ដែលលោកយល់ថា គឺជាការមើលងាយចំពោះកូនស្រីខ្លួន។
ទោះយ៉ាងណាមិញ លោកថា ប្រសិនបើ ប៉ែន ចំរ៉ុង រក្សាភាពស្ងប់ស្ងាត់នោះ លោកមិនចងកម្មចងពៀរនោះទេ បើទោះជាលោកប្រកាសថា រវាងលោក និង ប៉ែន ចំរ៉ុង គឺនឹងក្លាយជាសត្រូវស៊ូពូជក៏ដោយ។ លោកនិយាយថា «បើយើងចង់ប្ដឹង យើងអត់មានពិបាកទេ ដោយសារតែនៅក្នុងបណ្ដឹង វាចោទ ដាលីស សព្វបែប សព្វយ៉ាង ទាំងមិនពិតរួចហើយ ប៉ុន្តែខ្ញុំអត់មានគម្រោងអីទេ ប៉ុន្តែបើវា និងបងវា ហ៊ាននិយាយអីអាក្រក់ពីកូនខ្ញុំ ធានាពួកវានឹងជួបខ្ញុំនៅតុលាការហើយ!»។ លោកក៏សម្ដែងការសោកស្ដាយយ៉ាងខ្លាំង ដែលថា លោក ប៉ែន ចំរ៉ុង ជាតារាល្បីឈ្មោះ ប៉ុន្តែបែរជាមកបោកកូនស្រីរបស់លោកឲ្យនាងលង់ស្រឡាញ់ លុះដល់មិនទទួលបានការផ្ចុងផ្ដើមពីលោកជាឪពុក ក៏ដោះដៃចោលនាង ហើយប្រើលេសថា នាងជានារីកាចឆ្នាស់ និងជានារីមិនដឹងខុសត្រូវ រហូតប្ដឹងលែងជាដើម។
យ៉ាងណាក៏ដោយ អ្វីដែលលោក អ៉ិន ចោទប្រកាន់ និងបានប្រកាសឡើងនៅពេលនេះ នៅមិនទាន់មានប្រតិកម្មណាមួយពីលោក ប៉ែន ចំរ៉ុង និងក្រុមគ្រួសារនៅឡើយទេ ក្នុងពេលដែលលោកបដិសេធផ្ដល់ការសម្ភាសន៍នៅពេលជួបផ្ទាល់ ហើយទូរស័ព្ទ២ប្រព័ន្ធ នៅតែខលមិនចូល។ Post News រីករាយ និងស្វាគមន៍ចំពោះការបកស្រាយពីលោក ប៉ែន ចំរ៉ុង ជុំវិញការលើកឡើងរបស់ឪពុកអតីតភរិយាលោកផងដែរ៕
មតិយោបល់