ភ្នំពេញៈ ខណៈដែលបទចម្រៀងនិពន្ធថ្មីត្រូវបាន Apps ថ្មីមួយរបស់ក្រុមហ៊ុនស្មាតប្រកាសទទួលទិញផ្ដាច់មុខនោះ គេកត់សម្គាល់ថា តារាចម្រៀងមិនច្រៀងបទចម្លង និងអ្នកនិពន្ធបទចម្រៀងថ្មីមានទឹកមាត់លេបកាន់តែខ្លាំង។ ក្នុងនោះតារាចម្រៀង២ដួងគឺលោកងួន ច័ន្ទដេវីត ដៃគូរបស់ពេជ្រ សោភា និងកញ្ញាអេដា ម្ចាស់បទ «នៅទីនេះមានមនុស្សខូចចិត្ត» ដែលកាលកន្លងមកតែងបារម្ភរឿងគ្មានទីផ្សារ បែរជាបារម្ភខ្លាចផលិតមិនទាន់ទៅវិញ។ ក្នុងនោះបទចម្រៀងរបស់អ្នកទាំងពីរ ក៏ត្រូវគេអះអាងថាមានការពេញនិយមជាងគេ បើធៀបនឹងបទចម្រៀងនិពន្ធថ្មីទាំងអស់ដែលបានដាក់លក់ក្នុងApps នោះ។
លោកដេវីដ បានអះអាងថា បន្ទាប់ពីបទចម្រៀងរបស់លោកត្រូវបានកុងត្រាទិញយកដោយក្រុមហ៊ុនស្មាត លោកមិនភ័យរឿងបង់ខាតកម្លាំង និងពេលវេលាក្នុងការនិពន្ធបទថ្មីដូចមុននោះទេ។ ប៉ុន្តែអ្វីដែលលោកបារម្ភគឺការនិពន្ធបទថ្មីមិនបានល្អ និងនិពន្ធមិនទាន់ដើម្បីដាក់លក់នៅលើApps របស់ក្រុមហ៊ុនស្មាតទៅវិញទេ។ លោកដេវីដ បានអះអាងថា ក្រោយការប្រកាសទិញបទនិពន្ធរបស់លោកដោយក្រុមហ៊ុនស្មាត គឺមានន័យថា បទចម្រៀងរបស់លោកមិនត្រូវទទួលបានប្រាក់ចំណូលតាមរយៈការដោនឡូតទិញដោយស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏កាន់តែមានការផ្សព្វផ្សាយខ្លាំងក្លាជាងមុនផងដែរ។ ដូចមិនខុសគ្នាដែរ កញ្ញាអេដាក៏បានលើកឡើងដូចគ្នាផងដែរថា ក្នុងពេលបន្តបន្ទាប់ នាងនឹងប្រឹងផលិតបទថ្មីឲ្យបានកាន់តែច្រើនដើម្បីបម្រើអារម្មណ៍អ្នកស្ដាប់ផង និងដើម្បីដាក់លក់នៅលើApps របស់ក្រុមហ៊ុនស្មាតផង។ កញ្ញាប្រកាសផលិតស្នាដៃថ្មីៗឲ្យបានកាន់តែច្រើនដើម្បីលើកស្ទួយវិស័យសិល្បៈចម្រៀងឲ្យមានការរីកចំរើន។ នាងនិយាយថា«ពីមុនយើងបារម្ភថាផលិតបទថ្មីមិនដឹងថាធ្វើឲ្យអ្នកណាស្ដាប់តែពេលនេះមិនត្រឹមតែមិនខ្វះអ្នកស្ដាប់ទេ គឺមានតែយើងថែមទាំងលក់បានលុយទៀត ចឹងជាការប្រសើរណាស់ដែលខ្ញុំ និងតារាដទៃត្រូវតែខំផលិតស្នាដៃថ្មីៗឲ្យបានល្អ!»។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនស្មាតបានអះអាងថា តារាចម្រៀងជាច្រើនដែលមានស្នាដៃនិពន្ធថ្មីមិនចម្លងគេ រួមមានលោកងួន ច័ន្ទដេវីដ និងកញ្ញាអេដាផង ត្រូវបានក្រុមហ៊ុនទូរស័ព្ទចល័តមួយនេះទិញបញ្ចូលផ្ដាច់មុខដាក់បង្ហោះក្នុង Apps ដើម្បីដាក់លក់ឲ្យអតិថិជនរបស់ខ្លួន។ Apps ដែលបានដាក់លក់បទចម្រៀងថ្មីៗ មិនចម្លងគេនោះគឺមានឈ្មោះថា Smart Music KH ។ តំណាងក្រុមហ៊ុនស្មាតបានបញ្ជាក់ថា បទចម្រៀងនិពន្ធដែលបានបង្ហោះនៅក្នុង Apps នេះ គឺម្ចាស់បទចម្រៀងទទួលបានប្រាក់កម្រៃកាន់តែច្រើននៅពេលអតិថិជនស្មាតដោនឡូតApps នេះកានតែច្រើន និងចូលស្ដាប់កាន់តែច្រើន។ អ្នកដោនឡូត Apps នេះ ត្រូវបានក្រុមហ៊ុនស្មាតប្រកាសថាចំណាយរង្វង់មួយខែជាង១ដុល្លារ ដោយ បទចម្រៀងរបស់លោកដេវីត និងកញ្ញាអេដា ត្រូវបានមន្ត្រីក្រុមហ៊ុនបង្ហើបថា មានអ្នកចូលស្ដាប់ច្រើនជាងគេ។ នេះជាកម្មវិធីដាក់លក់បទចម្រៀងនិពន្ធថ្មីលើកដំបូង ដែលធ្វើឲ្យអ្នកបង្កើតស្នាដៃបទចម្រៀងថ្មីដូចជាដេវីដ និងលោកអេដាទទួលបានប្រាក់ចំណូលពីស្នាដៃរបស់ខ្លួន។
យ៉ាងណាមិញ នៅក្នុង Apps នោះ បទចម្រៀងនិពន្ធថ្មីរបស់តារាចម្រៀងផ្សេងទៀត ក៏មានអ្នកចុចស្ដាប់ច្រើនផងដែរ ដោយគ្រាន់តែភាពលេចធ្លោហាក់ស្ថិតនៅលើបទចម្រៀងរបស់លោកដេវីដ និងកញ្ញាអេដា ច្រើនជាងគេ ចាប់តាំងពីបានលក់នៅក្នុង Apps នោះ៕
មតិយោបល់